ពុលទឹកក្នុងស្រែ ស្លាប់២នាក់និង ១១នាក់ផ្សេងទៀតកំពុងសង្រ្គោះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្រ្តី២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង ១១នាក់ផ្សេងទៀតមានអាការៈធ្ងន់និងស្រាលកំពុងសង្រ្គោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំងអស់បាននាំគ្នាផឹកទឹក នៅក្នុងស្រែ ពេលហូបបាយថ្ងៃត្រង់រួចហើយពុល ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ 

  ជនរងគ្រោះដែលស្លាប់ក្នុងករណីពុលទឹកនេះ ទី១-ឈ្មោះ ណុល វ៉ារ៉ុម ភេទស្រី អាយុ៤៥ឆ្នាំ និងទី២-ឈ្មោះម៉ៅ ចិន្តា ភេទស្រី អាយុ៤៧ឆ្នាំ ។

  លោក ភួង ជីម ភេទប្រុស អាយុ៥០ឆ្នាំ ជាក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋនិងម្ចាស់ស្រែមានចំនួន១៣នាក់និងមានក្មេងស្រីម្នាក់ផងដែរ បានទៅច្រូតស្រូវ នៅខាងត្បូងភូមិជីប្រ៉ង ។ នៅផ្នែកខាងលើស្រែនោះមានចម្ការឪឡឹកមួយ ដែលម្ចាស់ចម្ការឪឡឹកនោះយកទឹកអណ្តូងនៅក្នុងស្រែមកលាយថ្នាំពុលបាញ់សម្លាប់សត្វល្អិត ។

លោក ភួងជីម បានប្រាប់ទៀតថា នៅក្នុងស្រែនោះមានកូនអណ្តូងតូចមួយដែលចេញទឹក  ហើយម្ចាស់ស្រែបានដងយកទឹកមកចែកគ្នាផឹក នៅពេលហូបបាយថ្ងៃត្រង់រួច។  ក្រោយពីហូបបាយនិងផឹកទឹករួចរហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ជនរងគ្រោះទាំងអស់ ចាប់ផ្តើមមានអាការៈក្អួតចង្អោរជាខ្លាំង និង អ្នកផ្សេងទៀត បានពុលជាបន្តបន្ទាប់ទៀត បានបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តនៅម៉ោង៩យប់ និងដោយសារតែអាការៈធ្ងន់ធ្ងរ រហូតដល់ម៉ោងជាង១២យប់ពាក់កណ្តាលអធ្រាត ស្រ្តីម្នាក់ជាម្ចាស់ស្រែបានស្លាប់ និង នៅម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ក៏បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ទៀតនៅមន្ទីរពេទ្យខេត្តដែរ ។

  លោក ភួង ជីម បានឲ្យដឹងទៀតថា នៅខាងលើស្រែមានចម្ការឡឹកមួយ ដែលចម្ការនេះ គេបាញ់ថ្នាំសត្វល្អិត ទើបធ្វើឲ្យពលរដ្ឋដងទឹកក្បែរនោះផឹកបណ្តាលឲ្យរងគ្រោះនិងមានអាការៈពុលរហូតដល់ស្លាប់ដូច្នេះ ។

  រហូតមកដល់ពេលនេះ អ្នកជំងឺទាំង១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ  ។ទាក់ទិនករណីនេះសមត្ថកិច្ចជំនាញជាពិសេសមន្ទីរសុខាភិបាលខេត្តកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតឲ្យឃើញ៕ ដោយ ៖ ចន្ថា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print