សារព័ត៌មានTelegraphរបស់អង់គ្លេស បានផ្សាយថា រដ្ឋាភិបាលទីក្រុងឡុងដុង បានប្រកាសថានឹងអនុម័ត វ៉ាក់សាំងប្រឆាំងកូវីដ១៩ផលិតដោយក្រុមហ៊ុន Pfizer នៅក្នុងសប្តាហ៍នេះ ។ ជាមួយគ្នានោះរដ្ឋាភិបាលអេស្ប៉ាញ ក៏បានប្រកាសថា អេស្ប៉ាញនិងអាល្លឺម៉ង ជាប្រទេសដំបូងគេបង្អស់ នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ពលរដ្ឋ ដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំ២០២១។
ក្រុមអ្នកជំនាញរបស់អង់គ្លេស កំពុងតែវាតម្លៃ វ៉ាក់សាំង កូវីដ១៩ ផលិតដោយក្រុមហ៊ុនPfizerរបស់អាមេរិក សហការណ៍ជាមួយក្រុមហ៊ុនBioNTechរបស់អាល្លឺម៉ង់។ មន្ត្រីសុខាភិបាលអង់គ្លេសស្នើរឲ្យត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅថ្ងៃទី១ខែធ្នូឆ្នាំ២០២០នេះ។
អង់គ្លេសបានបញ្ជារទិញវ៉ាក់សាំង កូវីដ១៩ សរុប ដល់ទៅ ៤០លានដូស ហើយនៅចុងឆ្នាំ២០២០នេះនឹងទទួលបាន១០លានដូសគ្រាប់គ្រាន់សម្រាប់ចាក់ដល់ពលរដ្ឋ៥លាននាក់។
ចំណែកអធិការបតីអាល្លឺម៉ង់ លោកស្រីAngela Merkel កាលពីថ្ងៃទី២៦ខែវិច្ឆិកាបានប្រកាសថា អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំងដំបូងដល់ពលរដ្ឋនៅមុនពិធីបុណ្យគ្រិស្មាស់ឆ្នាំ២០២០ ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា ការអនុវត្តគម្លាតសង្គមនៅតែបន្ត ជាច្រើនខែទៀត។
អធិការបតីអាល្លឺម៉ង់បានបញ្ជាក់ទៀតថា មិនត្រឹមតែប្រទេសអាល្លឺម៉ង់ ឬអេស្ប៉ាញ ដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រទេសជាសមាជិកទាំង២៧ប្រទេស ក្នុងសហគមន៍និងទទួលបានវ៉ាក់សាំង ចាក់បង្កាកូវីដ១៩ក្នុងពេលឆាប់ៗខាងមុខ៕