លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងដំណើរបេសកកម្មចុះពិនិត្យលទ្ធផលការងារអន្តរាគមន៍ជួលជុលបន្ទាន់ដើម្បីបិទផ្ចិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុក

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាព្រឹកថៃ្ងសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យលទ្ធផលការងារអន្តរាគមន៍ជួលជុលបន្ទាន់ដើម្បីបិទផ្ចិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុក នៅតាមបណ្តាខេត្តភាគពាយ័ព្យដែលបានរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ  លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យជាក់ស្តែងនៅប្រព័ន្ធធារាសាស្រ្តកង្ហត និងប្រព័ន្ធធារាសាស្រ្តកំពីងពួយ ក្នុងខេត្តបាត់ដំបង ។

លោក រដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យផ្ទាល់លើលទ្ធផលការងារជួសជុលបន្ទាន់បិទផ្ជិតភ្លឺប្រឡាយ និងទំនប់ ដែលបានអនុវត្តរួចរាល់តាំងពីថ្ងៃទី២៣ ខែតុលា បន្ទាប់ពីរងការយាយី ខូចខាតដោយជំនន់ទឹកភ្លៀងកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២០ តាមចំណុចទីតាំងនៃប្រព័ន្ធទាំង០២ខាងលើ រួមមាន៖
– ប្រព័ន្ធធារាសាស្រ្តកង្ហត នៅចំណុចបាក់ដាច់ភ្លឺប្រឡាយបេតុងនៃប្រឡាយមេលេខ១ ប្រឡាយមេលេខ២ និងប្រឡាយរងមេលេខ៥
– ប្រព័ន្ធធារាសាស្រ្តកំពីងពួយ នៅប្រឡាយអាងភាស ប្រឡាយអាងដង្កោ ប្រឡាយមេស្រែថ្មី ប្រឡាយមេទ្វារទឹក៨ និងប្រឡាយមេទ្វារទឹក១០
ជាលទ្ធផលជាក់ស្តែង ការងារជួសជុលបិទផ្ជិតទំនប់បាក់ដាច់ដើម្បីខ្ចប់រក្សាទឹកទុក គឺបានធ្វើការជួសជុលតាមលក្ខណ:បច្ចេកទេសឡើងវិញ តាមផែនការគ្រោងទុករបស់ក្រសួង  ជាទិសដៅបន្តនឹងធ្វើការកែលម្អប្រព័ន្ធឲ្យកាន់តែល្អប្រសេីរថែមទៀត ។ ក្នុងពេលបច្ចុប្បន្ននេះបងប្អូនប្រជាកសិករកំពុងរីករាយនឹងការងារបង្កបង្កើនផលស្រូវវស្សាលើកទី២ របស់ពួកគាត់ ជាមួយបរិមាណទឹកពេញប្រឡាយ អាងទឹក នៃប្រព័ន្ធធារាសាស្រ្តខាងលើដែលបានខ្ចប់រក្សាទុកបានទៅតាមផែនការអន្តរាគមន៍ទាន់សភាពការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ។

ចំពោះបេសកកម្ម លោករដ្ឋមន្រ្តី និងក្រុមការងារនាព្រឹកនេះ គឺស្ថិតក្នុងសកម្មភាពវិធានការទី២ នៃយុទ្ធសាស្រ្តអន្តរាគមន៍ជំនន់ទឹកភ្លៀងទាំង០៣ របស់ក្រសួងធនធានទឹក និងឧតុនិយម មាន ៖
– ទី១ អន្តរាគមន៍ជាបន្ទាន់ភ្លាមៗបិទផ្ជិតភ្លឺប្រឡាយ ទំនប់អាងទឹកដើម្បីខ្ចប់រក្សាទឹកទុក ទោះក្នុងតំលៃណាក៏ដោយ
– ទី២ ក្រុមការងារបច្ចេកទេសក្រសួង កំពុងសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវាយតំលៃ ដើម្បីបន្តជួសជុល និងកែលម្អឲ្យបានល្អប្រសើរ
– ទី៣ ទិសដៅទៅអនាគត គឺធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តឲ្យកាន់តែប្រណិត ដើម្បីធានាគុណភាពរឹងមាំតាមលក្ខណ:បច្ចេកទេស ប្រើប្រាស់យូរអង្វែងបម្រើជាពហុប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print