កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយអាជ្ញាធរខេត្ត ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋបន្ទាប់ពីទឹកជំនន់ស្រកចុះវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងចូលរួមជាមួយអាជ្ញាធរ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល បានរួបរួមគ្នាជួយជួសជុលកសាងផ្ទះថ្មី ជូនដល់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជាបឋម បន្ទាប់ពីទឹកជំនន់ស្រកចុះ ផ្ទះចំនួន២៨ខ្នង ត្រូវបានកសាងថ្មីជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុង ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយក្នុងនោះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានបានធ្វើរួចរាល់ ចំនួន០៤ខ្នង និងបន្តធ្វើជាបន្តបន្ទាប់ទៀត។ ដោយឡែកតំបន់ប្រតិបត្តិការសឹករងខេត្ត រួមជាមួយស្នងការនគរបាល ក៏បានធ្វើរួចរាល់មួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានធ្វើការប្រគល់ផ្ទះជូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ ចាត់តាំងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ គ្រប់ភូមិសាស្រ្តឈរជើង ចុះជួយប្រជាពលរដ្ឋគ្រប់ពេលមានទុក្ខលំបាក អស់ពីកម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងភក្តីភាពរវាងកងទ័ព និងប្រជាជន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print