Update៖ ករណីពុលទឹកស្លាប់មនុស្ស២នាក់និងមានអាការធ្ងន់ស្រាល១១នាក់នោះសមត្ថកិច្ចហៅម្ចាស់ចម្ការឪឡឹកយកមកសាកសួរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់ចម្ការឪឡឹកដែលសង្ស័យថា បានយកធុងថ្នាំទៅលាងទឹកក្នុងអណ្តូងដែលបណ្តាលឲ្យពលរដ្ឋច្រូតស្រូវដួសទឹកផឹកពុលស្លាប់២នាក់និងមានអាការធ្ងន់ស្រាល១១នាក់នោះ ពេលនេះសមត្ថកិច្ចបានឈានទៅកោះហៅម្ចាស់ចម្ការដើម្បីធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងហើយកាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

  លោក ប៉ុល វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២៤និង២៥ ខែវិច្ឆិកាឈ្មោះជា វិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  បានយកធុងថ្នាំ និងថ្នាំចំនួន៣ប្រភេទដើម្បីលាយទឹក ហើយទីតាំងដែលគាត់លាយថ្នាំនោះគឺនៅក្បែរអណ្តូងទឹក។

ការលាយថ្នាំនោះគឺគាត់បានយកទឹកនៅក្នុងអណ្តូងនោះមកលាយ ហើយថ្នាំបានជ្រាបចូលក្នុងទឹក ពេលពលរដ្ឋមកដួសប្រើទើបធ្វើឲ្យពុលតែម្តង ។ ជានីតិវិធីសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី  

  លោកជា វិត ដែលជាម្ចាស់ចម្ការបានប្រាប់ឲ្យដឹងថា អ្វីដែលកើតឡើងនេះគឺគាត់ពិតជាបានធ្វើប្រាកដមែន ប៉ុន្តែគាត់គ្មានចេតនានោះទេ។ ក្រោយពីលាយថ្នាំនិងលាងធុងរួច គាត់បានដាក់សំបកថ្នាំជាសញ្ញាប្រាប់ដែរ ប៉ុន្តែមិនបានដាក់ត្រឹមត្រូវ  ហើយពេលដែលពលរដ្ឋមកច្រូតស្រូវក៏ដួសទឹកនេះហូប បណ្តាលឲ្យពុលដូចនេះទៅ ។

  លោកជា វិត បានប្រាប់ថា គាត់ពិតជាមានអារម្មណ៍ភ័យនិងក្តុលក្តួលជាខ្លាំង នៅពេលមានហេតុការណ៍នេះកើតឡើង គាត់មិនចង់ឲ្យកើតនោះទេ ។ បច្ចុប្បន្ននេះគាត់មានកូនដល់ទៅ៦នាក់ រូបគាត់ជាបង្គោលក្នុងគ្រួសារ  ប្រសិនបើគាត់ត្រូវអនុវត្តតាមផ្លូវច្បាប់ និងមានទោសទ័ណ្ឌនោះពិតជាធ្វើឲ្យគ្រួសាររបស់គាត់ជួបការលំបាក ៕ដោយ៖ ចន្ថា

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print