សាលាពលទាហានយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បានទទួលការឧបត្ថម្ភសម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ពីមេបញ្ជាការកងទ័ពជើងគោក

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តផ្តល់សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់សាលាពលទាហានយោធភូមិភាគទី៤ និងសាលាពលទាហានយោធភូមិភាគទី៥ ដោយក្នុងមួយអង្គភាពទទួលបាន កុំព្យូទ័រ ចំនួន ០៦គ្រឿង កុំព្យូទ័រលើតុ ចំនួន ១៤គ្រឿង ម៉ាស៊ិនព្រីនធ័រ ចំនួន ១៣គ្រឿង ម៉ាស៊ីនកូពីខ្នាតធំ ចំនួន ០១គ្រឿង ម៉ាស៊ីនស្លាយ ចំនួន ០៦គ្រឿង ក្តាខៀនចល័ត ចំនួន ១៨ផ្ទាំង តុការិយាល័យ ចំនួន ១១ តុដាក់កុំព្យូទ័រ ចំនួន ១៤ និងទូដាក់ឯកសារ ចំនួន០៣។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើ ដែលមានការអញ្ជើញចូលរួមពីតំណាងសាលាពលទាហានយោធភូមិភាគទី៤ និងតំណាងសាលាពលទាហានយោធភូមិភាគទី៥ និងវរសេនីយ៍ត្រី ហេង ភក្តី ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ។

ការផ្តល់ជូននូវគ្រឿងបំពាក់ជូនសាលាយោធា និងសម្ភារផ្សេងៗ ទៅដល់បណ្តាអង្គភាពនីមួយៗ សុទ្ធសឹងតែជាការយកចិត្តទុកដាក់គិតគូរលើកិច្ចការងារ របស់ទ័ពជាទូទៅ ដែលកន្លងមក លោកមេបញ្ជាការកងទ័ពជើងគោក តែងតែបានធ្វើការផ្តល់ជូនជាបន្តបន្ទាប់ដល់បណ្តាអង្គភាពចំណុះនីមួយៗ។ ការឧបត្ថម្ភគ្រឿងបរិក្ខាការិយាល័យទាំងនេះ ក៏សំដៅបង្កលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធភាពការងារ បំពេញដល់ការខ្វះខាតចាំបាច់ ដែលឆ្លើយតបដល់កិច្ចការងារបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងការពារជាតិមាតុភូមិ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុងសាលាពលទាហានយោធភូមិភាគទី៤ និងទី៥ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា និងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាពបំផុត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print