ភ្នំពេញ៖ បន្ទាប់ពីមានករណីផ្ទុះកូវីដ-១៩ ក្នុងបុរីបេង ហួត ដែលជាផ្ទះរបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ រួចមកកម្លាំងនគរបាលខណ្ឌមានជ័យ បានដាក់ពង្រាយកម្លាំង យាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅតំបន់នោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងមួយនេះ ដែលកំពុងឆ្លងក្នុសហគមន៍។ នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមជម្រាបថា ការដាក់ពង្រាយកងកម្លាំងនេះ គឺជាការអនុវត្តតាមបទបញ្ជាលោុំឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចុះសហការជាមួយមន្ត្រីសុខាភិបាលដល់ទីតាំងផ្ទះដែលមានវិជ្ជមានវីរុសកូវីដ១៩ ។
គួររម្លឹកថា កាលពីយប់រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះក្រុមគ្រូពេទ្យបានស្រាវជ្រាវរកឃើញមានមនុស្ស ៤ នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធធនាគារតេស្តឃើញវិជ្ជមានកូវីដ ១៩ រស់នៅក្នុងបុរីប៉េង ហួត ផ្លូវ ៦០ម៉ែត្រ ។ ដូច្នេះនាំកើនឡើងដល់ ៦ នាក់ហើយនៃការចម្លងចូលសហគមន៍គិតត្រឹមវេលានេះ ។
គួរបញ្ជាក់ថា ក្រោយពីភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធធនាគារ បានតេស្តរកឃើញកូវីដ ១៩ នៅថ្ងៃទី ២៨ វិច្ឆិកា ២០២០ និងបន្តមកទៀតស្វាមីរបស់លោកស្រីផ្ទាល់ក៏បានរកឃើញមានផ្ទុកកូវីដ ១៩ ដូចគ្នា ។ បច្ចប្បន្ននេះក្រសួងសុខាភិបាលកំពុងចេញប្រតិបត្តិការជាបន្ទាន់ដើម្បីស្វែករកអ្នកជាប់ពាក់ព័ន្ធទាំងអស់ ។ ក្នុងនោះដែរនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៉ីអន, គេហដ្ឋានសម្តេចក្រឡាហោ ស ខេង, ក្រសួងមហាផ្ទៃ ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធ ៕ដោយ៖សហការី