ក្រសួងអប់រំ អះអាងថា៖ ការប្រឡងសញ្ញាបត្រឌីប្លូម នៅថ្ងៃទីមួយ គឺដំណើរការរលូនល្អ ខណៈថ្ងៃស្អែកនឹងបន្តការប្រឡងមួយថ្ងៃទៀត

ចែករំលែក៖

ភ្នំពេញ៖ បើតាមការអះអាងពីអ្នកនាំពាក្យអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១ បានដំណើរការដោយរលូនល្អ។ ខណៈនៅថ្ងៃទី០១ ខែធ្នូ ស្អែកនេះ នឹងបន្តការប្រឡងមួយថ្ងៃទៀត ដែលជាថ្ងៃចុងក្រោយ។

អ្នកនាំពាក្យអប់រំរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរការប្រឡងឌីប្លូម នាថ្ងៃទី៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក នៅគ្រឹះស្ថានសិក្សាទូទាំង២៥ខេត្ត-រាជធានី។ ជារួមក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តវិធានការសុវត្ថិភាព សុខភាពខ្ជាប់ខ្ជាន់, មេប្រយោគកំពុងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់, គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ និងបេក្ខជនអវត្តមានមួយចំនួនតូច ដូចឆ្នាំកន្លងមកដែរ។ ការប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅមួយថ្ងៃទៀត នាថ្ងៃទី០១ ធ្នូ ២០២០ តាមការគ្រោងទុក»។

គួរបញ្ជាក់ថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម នៅថ្ងៃនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print