នៅក្នុងប្រទេសស្រីលង្កា ការឆ្លងរាលដាលកូវីដ-១៩ កាន់តែកើនឡើងខ្ពស់ ជាពិសេសនៅក្នុងពន្ធនាគារ ដែលមានអ្នកទោសច្រើន។ អ្នកទោសបាននាំគ្នាតវ៉ានៅតាមពន្ធនាគារនានា ក្រោយពីអ្នកទោសជាច្រើនបានឆ្លងកូវីដ-១៩ ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា មានសាច់ញាតិអ្នកទោសប្រមាណ៥០០នាក់ បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារស្នើឲ្យមន្ត្រីពន្ធនាគារផ្តល់ព័ត៌មានពីអ្នកទោស និង ធានាសុវត្ថិភាពដល់ អ្នកទោសទាំងអស់ ។
នៅថ្ងៃទី៣០ខែវិច្ឆិកា មន្ត្រីស្រីលង្កា បានប្រកាសឲ្យដឹងថា មានអំពើហិង្សាកើតឡើងនៅពន្ធនាគារ Mahara បណ្តាលឲ្យអ្នកទោស ៦នាក់ស្លាប់ និង៣៥នាក់រងរបួស ពេលប៉ូលិសបាញ់កាំភ្លើងបំបែកក្រុមអ្នកទោសធ្វើបាតុកម្ម។
អ្នកនាំពាក្យស្នងការប៉ូលិស ស្រីលង្កាលោកAjith Rohana បានបញ្ជាក់ថា អំពើហិង្សាកើតឡើង នៅថ្ងៃទី២៩ ខែវិច្ឆិកា នៅពន្ធនាគារMahara ចម្ងាយពីទីក្រុង Colombo ១៥គីឡូម៉ែត្រនៅភាគខាងជើង។ លោកបន្តទៀតថា កម្លាំងសន្តិសុខបានសម្រេចផ្ទុះអាវុធ ក្រោយពេលអ្នកទោសព្យាយាមគ្រប់គ្រងពន្ធនាគារ។ អ្នកទោសបានបំផ្លាញសម្ភារទ្រព្យសម្បត្តិ នៅក្នុងពន្ធនាគារស្ទើរតែទាំងស្រុង។
តាមតួលេខបង្ហាញឲ្យឃើញថា មានអ្នកទោសជាង១ពាន់នាក់នៅក្នុងពន្ធនាគារចំនួន៥ផ្សេងគ្នាធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩ និង២នាក់ស្លាប់ ។ ចំណែកឆ្មាំគុក៥០ នាក់ក៏បានឆ្លងកូវីដ១៩ផងដែរ៕ ដោយ៖ធីរីណា