អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St Germain បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះរងរបួសជង្គង់។
De Gea បានលុតជង្គង់ប៉ះទៅនឹងបង្គោលទីក្នុងការប៉ុនប៉ងចាប់បាល់របស់ខ្លួនពេលការទាត់បាល់ពិន័យ Free-kick របស់ខ្សែបម្រើ James Ward-Prowse របស់ Southampton និងត្រូវបានដកចេញនៅម៉ោងពាក់កណ្ដាលនៃជ័យជំនះ ៣-២ កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន St Mary’s ។
De Gea ត្រូវបានជំនួសដោយ Dean Henderson ដែលត្រូវបានផ្តល់ឱកាសតិចតួច ចាប់តាំងពីវិលត្រឡប់មកពីការខ្ចីជើងរបស់គាត់នៅក្លិប Sheffield United ។
លោក Solskjaer បានប្រាប់ទូរទស្សន៍ Sky Sports ថា “សូមឱ្យមានការត្រួតពិនិត្យបន្តិចបន្តួចលើ De Gea។ សង្ឃឹមថាគាត់នឹងមិនអីទេសម្រាប់ថ្ងៃពុធ ប៉ុន្តែខ្ញុំមិនប្រាកដទេ”។
គួរបញ្ជាក់ថា ក្រុមបិសាចក្រហមកំពុងនាំមុខក្រុមកំពូលតារាងក្នុងពូលH ក្នុងក្របខ័ណ្ឌChampions League ដោយមាន៩ពិន្ទុសម្រាប់៤ប្រកួតកន្លងទៅ ដោយឈ្នះ៣ប្រកួត និងចាញ់១ប្រកួត។ ការប្រកួត Champions League នៅដល់២ប្រកួតទៀតនឹងត្រូវចប់ក្នុងវគ្គជម្រុះតាមពូល ប្រសិនបើក្រុមបិសាចក្រហមអាចយកឈ្នះក្រុម PSG បាននោះនឹងឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ៕ដោយ៖ភារៈ