គ្មាន​ភស្តុតាងណា​អាច​កែប្រែ​ជ័យជម្នះ​លោក ចូ បៃ​ឌិន បានឡើយ​ ,នេះបើតាមការអះអាងពីរដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក William Bar បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានអាមេរិក AP ថា៖ ក្រសួងយុត្តិធម៌អាមេរិក រកមិនឃើញភស្តុតាងពាក់ព័ន្ធការលួចបន្លំទ្រង់ទ្រាយធំក្នុងការបោះឆ្នោត ដែលអាចផ្លាស់ប្តូរលទ្ធផលបរាជ័យរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទល់នឹងលោក ចូ បៃឌិន ក្នុងការបោះឆ្នោតនាថ្ងៃទី ខែវិច្ឆិកាឡើយ បន្ទាប់ពីការប្រកាសនេះ គឺផ្ទុយនឹងការប្ដឹងតវ៉ារបស់លោក ដូណាល់ ត្រាំ ដែលនៅតែមិនទាន់ព្រមទទួលស្គាល់លទ្ធផលឆ្នោតដដែល ហើយបន្តចោទគ្មានភស្តុតាងថា ការបោះឆ្នមានការលួចបន្លំ

លោកWilliam Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ដែលត្រូវបានមើលឃើញថាជាមនុស្សជំនិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អះអាងបន្តថា ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) និងក្រុមរដ្ឋអាជ្ញា បានធ្វើការលើបណ្ដឹងតវ៉ានិងព័ត៌មានពាក់ព័ន្ធការលួចបន្លំការបោះឆ្នោតដែលពួកគេទទួលបាន  ក៏ប៉ុន្តែលោកសង្កត់ធ្ងន់ដូច្នេះថា មកទល់ពេលនេះ គ្មានឃើញមានការលួចបន្លំក្នុងកម្រិតមួយ ដែលអាចផ្លាស់ប្តូរលទ្ធផលក្នុងការបោះឆ្នោតឡើយ

លោករដ្ឋមន្រ្តីយុត្តិធម៌រូបនេះ បានធ្វើឡើងខណៈក្រុមឃោសនាលោក ត្រាំ ព្យាយាមបញ្ជាក់ថា ពិតជាមានការលួចបន្លំការបោះឆ្នោតក្នុងរដ្ឋគន្លឹះ ដូចជា៖ រដ្ឋ Georgia, Michigan, Pennsylvania និងរដ្ឋដទៃទៀត ដោយសង្ឃឹមរារាំងជ័យជម្នះលោក ចូ បៃឌិន ដែលនឹងត្រូវកំណត់ជាផ្លូវការក្នុងការបោះឆ្នោតរបស់ប្រតិភូបោះឆ្នោតនាថ្ងៃទី១៤ ខែធ្នូ

ជាមួយការឈ្នះប្រតិភូបោះឆ្នោត ៣០៦ លោកចូ បៃឌិន កាន់កាប់ប្រតិភូបោះឆ្នោតលើសច្រើនគួរសម បើធៀបនឹងចំនួនត្រូវការ ២៧០ មិនត្រឹមតែទទួលបានប្រតិភូបោះឆ្នោតលើសលោកត្រាំដែលទទួលត្រឹមតែ២៣២ ប្រធានាធិបតីជាប់ឆ្នោត បៃឌិន ថែមទាំងទទួលបានសន្លឹកឆ្នោតគាំទ្រពីប្រជាជនអាមេរិកលើសលោក ត្រាំ ជាងលានសន្លឹកផងដែរ

ជាក់ស្តែង នៅក្នុងសេចក្តីថ្លែងការណ៍តបនឹងការប្រកាសរបស់លោក Barr លោក Rudy Guilian និងអ្នកស្រី Jenna Ellis មេធាវីលោកត្រាំបានលើកឡើងថា ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អាមេរិក មិនបញ្ជាក់តថភាពក្នុងការបោះឆ្នោតអាមេរិកឡើយ មេធាវីលោក ត្រាំទាំងពីរនាក់ បញ្ជាក់បន្ថែមថា៖«​យើងនឹងបន្តស្វែងរកការពិតតាមរយៈប្រព័ន្ធតុលាការ និងអង្គនីតិបញ្ញត្តិ​»​

សូមជម្រាបថា ក្រុមឃោសនាលោក ត្រាំ កន្លងទៅក៏ធ្លាប់បានអះអាងថា ដំណើរការបោះឆ្នោតអាមេរិក មានការលួចបន្លំ ក្រោមរូបភាពជាច្រើនដូចជា សន្លឹកឆ្នោតមានច្រើនជាងអ្នកមានសិទ្ធិបោះឆ្នោត ឈ្មោះខ្មោចរាប់ពាន់នាក់ចេញទៅបោះឆ្នោត សន្លឹកឆ្នោតក្លែងក្លាយ និងម៉ាស៊ីនរាប់សន្លឹកឆ្នោតត្រូវកែឲ្យចេញលទ្ធផលលោក បៃឌិន ឈ្នះ ជាដើម ស្ទើរតែទាំងអស់នៃបណ្ដឹងរបស់ពួកគេ ត្រូវបានតុលាការបដិសេធ ព្រោះតែខ្វះខាតព័ស្តុតាងរឹងមាំ

ជុំវិញនឹងការអះអាងថាការកេងបន្លំតាមរយៈម៉ាស៊ីនរាប់សន្លឹកឆ្នោត លោករដ្ឋមន្រ្តីយុត្តិធម៌ ដែលត្រូវតែងតាំងផ្ទាល់ដោយលោក ត្រាំ បាននិយាយថា ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ បានត្រួតពិនិត្យលើបញ្ហានេះ ហើយគ្មានរកឃើញអ្វីខុសប្រក្រតីធំដុំនោះឡើយ

លោក Barr នៅក្នុងថ្ងៃតែមួយនៃការចុះផ្សាយនៃកិច្ចសម្ភាសន៍របស់លោក ក៏ត្រូវបានកោះហៅឲ្យទៅចូលរួមកិច្ចប្រជុំមួយ នៅសេតវិមានអាមេរិក ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន បានរាយការណ៍ថា លោក ត្រាំ មិនសូវសប្បាយចិត្តជាមួយក្រសួងយុត្តិធម៌អាមេរិកត្រង់ថា ពួកគេមិនប្រឹងប្រែងគាំទ្រលោក ហើយលោក Barr ត្រូវបានរាយការណ៍ថា អាចនឹងត្រូវអស់តំណែងទៀតផង

គួរបញ្ជាក់ថា បើទោះបីជាប្រធានាធិបតីផុតអាណត្តិលោក ត្រាំ មិនទាន់ព្រមចុះចាញ់ លោក បៃឌិន ដែលនឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចាប់ផ្ដើមដំណើរការផ្ទេរអំណាច ដោយញាប់ដៃញាប់ជើងរៀបចំគណៈរដ្ឋមន្ត្រី ជាក់ស្តែងរហូតមកដល់ពេលនេះលោកបៃឌិន បានរើសប្រធានបុគ្គលិកសេតវិមាន ក្រុមការងារសន្តិសុខជាតិ សេដ្ឋកិច្ច និងការបរទេសផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print