លួចស៊ីម៉ងត៍ថៅកែ​លក់រាប់ឆ្នាំខាតបង់ប្រាក់ខ្ទង់មុឺនដុល្លារ​ បែករឿង​ត្រូវ​តំណាងក្រុមហ៊ុន​ឃាត់ខ្លួន៣នាក់ប្រគល់ទៅឲ្យសមត្ថកិច្ចខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ៣នាក់ដែលជាតៃកុងរថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន​ ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក្រោយពីដឹងថាជនសង្ស័យទាំង៣រូបនេះបានលួចស៊ីម៉ងត៍របស់ខ្លួនយកទៅលក់ឲ្យក្រុមហ៊ុនផ្សេងអស់រយៈពេលច្រើនឆ្នាំ​មកហើយ។

​ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច​ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមហ៊ុនស៊ីហ៊ូហ៊ុយ គ្រុប ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមមាន​ ៖​ ទី​១​-ឈ្មោះ ហយ ហាញ ភេទប្រុស អាយុ៣៩​ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២-ឈ្មោះ អុល អន ភេទប្រុស អាយុ៣៩​ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣-ឈ្មោះ ហយ បញ្ញា ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។​

​ ចំណែកជនរងគ្រោះឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ​ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុន​ ស៊ីហ៊ូហ៊ុយ ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាតំណាងឱ្យក្រុមហ៊ុនស៊ីហ៊ូហ៊ុយ គ្រុប។

​ តាមសម្ដីឈ្មោះ​ សំ សត្យា ភេទប្រុស អាយុ៣០ឆ្នាំ ជាមេការរបស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប​ បានឲ្យដឹងថា​ កាលពីដើមឆ្នាំ២០២០ មិនចាំថ្ងៃខែ​ ជនសង្ស័យទាំង៣​នាក់ជាអ្នកបេីករថយន្តដឹកសុីម៉ងត៍​ ចេញពីក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទៅដឹកស៊ីម៉ងត៍ពី​រោងចក្រចក្រីទីង ស្ថិតនៅខេត្តកំពត​ មករាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនសង្ស័យទាំង៣​នាក់ខាងលើ បើករថយន្តដឹកស៊ីម៉ងត៍យកទៅ​ដាក់តាមដេប៉ូក្នុងរាជធានីភ្នំពេញ ពួកគេ (ជនសង្ស័យ) បានលួចបូមស៊ីម៉ងត៍យកទៅ​លក់ឱ្យម៉ូយផ្សេងៗ ក្នុង១លើកៗអស់ចំនួនពី​៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។ នៅពេលបុគ្គលិករបស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយគ្រុប ទៅទូទាត់លុយពីភ្ញៀវនៅតាមដេប៉ូនី​មួយៗ ភ្ញៀវបានឱ្យវិក្កយបត្រទូទាត់លុយ បាត់ស៊ីម៉ង់ត៍ក្នុង១រថយន្តអស់ពី៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។ ពេលនោះខាងក្រុមហ៊ុនបានហៅជនសង្ស័យមកធ្វើការ​សួរនាំ តែពួកគេ(ជនសង្ស័យ) បានឆ្លើយថា ការបាត់បង់ស៊ីម៉ងត៍នេះបណ្តាលមកពីជញ្ជីងថ្លឹងឡើង និងជញ្ជីងថ្លឹងចុះ រួចបុគ្គលិកក្រុមហ៊ុន​ស៊ីហ៊ូហ៊ុយ បានទៅធ្វើការត្រួតពិនិត្យជញ្ជីងនៅតាមដេប៉ូនីមួយៗ ឃើញថាជញ្ជីងមាន​ភាពប្រក្រតីត្រឹមត្រូវ ។

​ លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង​៦​និង០០នាទីល្ងាច ប្រធានក្រុមហ៊ុនបានហៅជនសង្ស័យទាំង៣នាក់ ខាងលើមកធ្វើការ​សួរនាំម្តងទៀត ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពប្រាប់ថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួចបូមស៊ីម៉ងត៍របស់ក្រមហ៊ុន​យកទៅលក់ឱ្យម៉ូយផ្សេងៗពិត​មែន​ កាលពី អំឡុងឆ្នាំ២០១៨ រួចបុគ្គលិកក្រុមហ៊ុនក៏បានធ្វើការត្រួតពិនិត្យទៅលើស៊ីម៉ងត៍ដែលបានបាត់បង់ឃើញថា ចាប់តាំងពី​ឆ្នាំ២០១៨​ រហូតដល់ឆ្នាំ២០២០ មានការបាត់បង់​ស៊ីម៉ងត៍ជាង១៩៨តោន គិតជាទឹកប្រាក់​សរុបចំនួន ១៤,៨៥០ដុល្លារ (មួយម៉ឺនបួន​ពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) ។

​ ជាមួយគ្នានោះដែរ​ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់តំណាងក្រុមហ៊ុននិងចម្លើយជនសង្ស័យដែលបាន​សារភាពថា​ ពួកគេពិតជាបានលួចស៊ីម៉ងត៍របស់ក្រុមហ៊ុនលក់ពិតប្រាកដមែនកាលពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២០នេះ​ ។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print