ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ដែលជាតៃកុងរថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក្រោយពីដឹងថាជនសង្ស័យទាំង៣រូបនេះបានលួចស៊ីម៉ងត៍របស់ខ្លួនយកទៅលក់ឲ្យក្រុមហ៊ុនផ្សេងអស់រយៈពេលច្រើនឆ្នាំមកហើយ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមហ៊ុនស៊ីហ៊ូហ៊ុយ គ្រុប ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ហយ ហាញ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២-ឈ្មោះ អុល អន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣-ឈ្មោះ ហយ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ចំណែកជនរងគ្រោះឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាតំណាងឱ្យក្រុមហ៊ុនស៊ីហ៊ូហ៊ុយ គ្រុប។
តាមសម្ដីឈ្មោះ សំ សត្យា ភេទប្រុស អាយុ៣០ឆ្នាំ ជាមេការរបស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២០ មិនចាំថ្ងៃខែ ជនសង្ស័យទាំង៣នាក់ជាអ្នកបេីករថយន្តដឹកសុីម៉ងត៍ ចេញពីក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទៅដឹកស៊ីម៉ងត៍ពីរោងចក្រចក្រីទីង ស្ថិតនៅខេត្តកំពត មករាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនសង្ស័យទាំង៣នាក់ខាងលើ បើករថយន្តដឹកស៊ីម៉ងត៍យកទៅដាក់តាមដេប៉ូក្នុងរាជធានីភ្នំពេញ ពួកគេ (ជនសង្ស័យ) បានលួចបូមស៊ីម៉ងត៍យកទៅលក់ឱ្យម៉ូយផ្សេងៗ ក្នុង១លើកៗអស់ចំនួនពី៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។ នៅពេលបុគ្គលិករបស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយគ្រុប ទៅទូទាត់លុយពីភ្ញៀវនៅតាមដេប៉ូនីមួយៗ ភ្ញៀវបានឱ្យវិក្កយបត្រទូទាត់លុយ បាត់ស៊ីម៉ង់ត៍ក្នុង១រថយន្តអស់ពី៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។ ពេលនោះខាងក្រុមហ៊ុនបានហៅជនសង្ស័យមកធ្វើការសួរនាំ តែពួកគេ(ជនសង្ស័យ) បានឆ្លើយថា ការបាត់បង់ស៊ីម៉ងត៍នេះបណ្តាលមកពីជញ្ជីងថ្លឹងឡើង និងជញ្ជីងថ្លឹងចុះ រួចបុគ្គលិកក្រុមហ៊ុនស៊ីហ៊ូហ៊ុយ បានទៅធ្វើការត្រួតពិនិត្យជញ្ជីងនៅតាមដេប៉ូនីមួយៗ ឃើញថាជញ្ជីងមានភាពប្រក្រតីត្រឹមត្រូវ ។
លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៦និង០០នាទីល្ងាច ប្រធានក្រុមហ៊ុនបានហៅជនសង្ស័យទាំង៣នាក់ ខាងលើមកធ្វើការសួរនាំម្តងទៀត ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពប្រាប់ថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួចបូមស៊ីម៉ងត៍របស់ក្រមហ៊ុនយកទៅលក់ឱ្យម៉ូយផ្សេងៗពិតមែន កាលពី អំឡុងឆ្នាំ២០១៨ រួចបុគ្គលិកក្រុមហ៊ុនក៏បានធ្វើការត្រួតពិនិត្យទៅលើស៊ីម៉ងត៍ដែលបានបាត់បង់ឃើញថា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ មានការបាត់បង់ស៊ីម៉ងត៍ជាង១៩៨តោន គិតជាទឹកប្រាក់សរុបចំនួន ១៤,៨៥០ដុល្លារ (មួយម៉ឺនបួនពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់តំណាងក្រុមហ៊ុននិងចម្លើយជនសង្ស័យដែលបានសារភាពថា ពួកគេពិតជាបានលួចស៊ីម៉ងត៍របស់ក្រុមហ៊ុនលក់ពិតប្រាកដមែនកាលពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២០នេះ ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ