ក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង២សែននាក់ក្នុងមួយថ្ងៃ ក្នុងនោះមាន១សែននាក់បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
លោក Robert Redfield អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក(CDC) បានឲ្យដឹងថា រឿងអាក្រក់បំផុត ស្ថិតនៅខាងមុខនៅឡើយទេ ។ លោកបានព្យាករថា ចំនួនអ្នកស្លាប់និឹងកើនឡើងដល់ទៅជាង ៤៥០ពាន់នាក់គិតដល់ខែកុម្ភៈ ឆ្នាំ២០២១។ លោកបន្តទៀតថា រដូវរងាឆ្នាំនេះជាពេលពិបាកបំផុតក្នុងការទប់ស្កាត់កូវីដ-១៩ ។
លោកRobert Redfield ប្រធាន(CDC)បានបន្តទៀតថា «ជាការណ៍ពិត នៅខែធ្នូ ឆ្នាំ២០២០ និងខែមករា ខែកម្ភៈឆ្នាំ២០២១ ជាពេលវេលាអាក្រក់បំផុត។ ខ្ញុំជឿជាក់ថា នោះជាពេលវេលាលំបាកបំផុតក្នុងប្រវត្តិសាស្ត្រនៃវិស័យសុខាភិបាលសាធារណៈអាមេរិក»។
លោក Robert Redfield បន្តទៀតថា «បច្ចុប្បន្នយើងបានឃើញមានមនុស្សស្លាប់ចាប់ពី១៥០០-២០០០នាក់ក្នុងមួយថ្ងៃ ហើយអាចកើនឡើងដល់ទៅ២៥០០នាក់ក្នុងមួយថ្ងៃ។ ដូច្នេះចំនួនអ្នកស្លាប់នៅអាមេរិកអាចកើនឡើងដល់ទៅ៤៥០ពាន់នាក់»។
តាមសារព័ត៌មាន Washington Post បានផ្សាយថា បច្ចុប្បន្នអាមេរិកមានចំនួនអ្នកស្លាប់ជាង ២៧២ពាន់នាក់ ហើយក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិកមានចំនួនអ្នកឆ្លងកូវីដ-១៩ ដល់ទៅ២៧០០នាក់ ជិតស្មើនឹងពេលវេលាកាលពីខែមេសា ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ ដល់ទៅជាង២.៩៦៧នាក់ ៕
ដោយ៖ធី រីណា