ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត និងនគរបាលក្រុងសិរីសោភ័ណ បានស្រាវជ្រា និងឈានដល់ការចាប់ឃាត់ខ្លួន ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកគេចំនួន០៥នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្តក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា បណ្តាលឲ្យបែកខូចខាត។
មន្រ្តីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងម្នាក់ឈ្មោះម៉ៅ លៀបហេង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងករណីគប់កញ្ចក់រថយន្ត។
លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងរបស់ឈ្មោះ ស៊ីន ថៃវ៉ាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបឹងសាឡាង ឃុំទួលគោក ក្រុងភ្នំពេញ បច្ចុប្បន្នអ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ពី(ប៉ោយប៉ែត ទៅបាត់ដំបង) បានមកប្ដឹងនិងរាយការណ៍ថា នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨នឹង១៥នាទី នៅចំណុចខាងលិចស្ដុបទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីធ្វើឲ្យខូចខាតដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ (គបកញ្ចក់ឡាន)បណ្តាលឲ្យបែក ។ពេលនោះលោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់កម្លាំងនគរបាលជំនាញនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណរបស់លោក ចុះស្រាវជ្រាវ និងដោយកន្លែងកើតហេតុមានកាម៉ារ៉ាសុវត្ថិ ភាពយើងឈានដល់ចាប់ឃាត់មុខសញ្ញាក្មេងសង្ស័យម្នាក់ដើម្បីយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ៅ លៀបហេង បានសារភាពថានៅវេលាម៉ោងប្រហែលជា០៧យប់ថ្ងៃទី០១ ខែធ្នូ គេបានជិៈកង់ម្នាក់ឯងទៅលេងភូមិគាប សង្កាត់ទឹកថ្លា (ផ្លូវចុះទៅពន្ធនាគារ) ហើយបានជួបជាមួយគ្នីគ្នាគេចំនួន០៤នាក់ទៀត ក៏បបួលគ្នាដើរលេង មានឈ្មោះ នុន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគាប,២-ឈ្មោះហេង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល,៣-ឈ្មោះញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរអំបិល, ៤-ឈ្មោះលាប ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល ។ ក្រោយមកឈ្មោះនុន បានផ្តើមគំនិតបបួលគ្នាទៅគប់កញ្ចក់រថយន្តគេ រួចហើយឈ្មោះ នុន បានរើសយកដុំថ្មឲ្យគេទៅគប់កញ្ចក់រថយន្តពណ៌ក្រហម ដែលធ្វើដំណើរពីលិចទៅកើតត្រូវបែកកញ្ចក់ ក្រោយគប់ហើយពួកគេនាំគ្នារត់គេចខ្លួន។
លោកអធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់បន្ថែមថាដោយ ផ្អែកលើក្មេងនេះជាអនីតិជននិងដោយមានការសម្របសម្រួលពីឪពុកម្តាយ ព្រមចេញថ្លៃខូចខាតទៅឲ្យក្រុមហ៊ុន ភ្នំពេញសូរិយា នគរបាលជំនាញបាន អប់រំនិងធ្វើកិច្ចសន្យាដល់ក្មេងឈ្មោះម៉ៅ លៀបហេង និងប្រគល់ឲ្យឪពុកម្តាយ យកទភធ្វើការអប់រំបន្តចំណែកបក្ខពួកគេ០៤ទៀតកម្លាំងជំនាញបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា