អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន និងទូរទស្សន៍រដ្ឋចិន បានចុះផ្សាយព្រោងព្រាតជុំវិញដំណឹងនេះ ដោយដកស្រង់តាមការប្រកាសរបស់រដ្ឋបាលអវកាសជាតិចិន បាននិយាយថា ធ្វើដំណើរជាង១សប្ដាហ៍ យានឈ្មោះ ឆាងអឺ ៥ នេះ បានចុះចតដោយជោគជ័យលើភពព្រះចន្ទ នៅថ្ងៃទី១ខែធ្នូ ត្រង់ចំណុចទីតាំងដែលគ្រោងទុក។
ជាក់ស្តែងយានអវកាសមួយគ្រឿងរបស់ចិន ឆាងអឺ ៥ (Chang’e 5) បានចុះចតលើផ្ទៃឋានព្រះចន្ទហើយ ក្នុងបេសកកម្មប្រមូលសំណាករឹងពីផ្ទៃឋានព្រះចន្ទ ត្រលប់មកកាន់ផែនដីវិញ។ នេះជាបេសកកម្មអវកាសដ៏មហិច្ឆតាដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មករបស់ប្រទេសអាស៊ីមួយនេះ។
គោលដៅនៃបេសកកម្មនេះ គឺប្រមែប្រមូលដី ឬថ្មឋានព្រះចន្ទប្រមាណ ២ គីឡូក្រាម ហើយបញ្ចូលទៅកាន់យានអវកាសមួយ ដែលនឹងដឹកសំណាកនេះមកកាន់ភពផែនដីវិញ។ ការបង្ហោះយានទី៤នេះ រំពឹងធ្វើឡើងនាថ្ងៃទី ១៦ ឬ ទី១៦ ខែធ្នូ ហើយចិនដាក់គោលដៅយកទឹកដីខេត្តស្វយ័តម៉ុងហ្គោលីផ្នែកខាងក្នុង (Inner Mongolia) ជាកន្លែងចុះចតសម្រាប់យានដែលនឹងដឹកសំណាករឹងឋានព្រះចន្ទមកផែនដីវិញនេះ។
ប្រសិនបើការត្រឡប់មកវិញជោគជ័យ វានឹងក្លាយជាបេសកកម្មទីមួយក្នុងពេល៤៤ឆ្នាំចុងក្រោយ ដែលអ្នកវិទ្យាសាស្ត្របានប្រមូលសំណាករឹងពីភពព្រះចន្ទមកកាន់ភពផែនដី។ កាលពីទសវត្សរ៍១៩៧០ យានអវកាសរបស់អតីតសហភាពសូវៀតបានដឹកសំណាករឹងឋានព្រះចន្ទក្រោម២០០ក្រាមប៉ុណ្ណោះ។
សូមជម្រាបថា យានអវកាសដែលមានគោលដៅប្រមូលសំណាកនេះ ត្រូវបានបាញ់បង្ហោះកាលពី២៤ខែវិច្ឆិកា លើក្បាលរ៉ុក្កែត ឈ្មោះថា«Long March-5Y» នៅឯទីលានបាញ់បង្ហោះរ៉ុក្កែត Wenchang នៅខេត្ត Hainan ។ យាននេះ មានបំពាក់សម្ភារចាំបាច់មួយចំនួន ដូចជា៖កាមេរ៉ា រ៉ាដា កែវឆ្លុះ ឧបករណ៍វាស់វែងនិងខួង ដែលបម្រើដល់ការត្រួតពិនិត្យ និងប្រមែប្រមូលសំណាករឹងលើផ្ទៃឋានព្រះចន្ទនេះ។
គួររម្លឹកដែរថា ចិន ក្នុងឆ្នាំ២០០៣ បានក្លាយជាប្រទេសទី៣ ដែលបញ្ជូនអ្នកអវកាសទៅកាន់គន្លងគោចរដោយខ្លួនឯង ក្រោយអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក។ ចិនក៏បានបាញ់បង្ហោះស្ថានីយ៍សម្រាប់អ្នកអវកាសផងដែរ។
គួរបញ្ជាក់ថា ការបង្ហោះយានអវកាសឆាងអឺ ៥ គឺជាការចតលើឋានព្រះចន្ទដោយជោគជ័យលើកទី៣ហើយរបស់ចិន។ យានមុនរបស់ចិនឆាងអឺ ៤ កាលពីឆ្នាំ២០១៩ ក្លាយជាយានបេសកកម្មទីមួយដែលចតលើផ្នែកឆ្ងាយមួយរបស់ព្រះចន្ទ ដែលពុំសូវមានគេទៅស្រាវជ្រាវដល់។យានឆាងអឺ ៣ ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៣។ ដោយឡែក ការបង្ហោះចុងក្រោយបង្អស់របស់ គឺរួមសហការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ដែលកំពុងជួយតាមដានបេសកកម្មនេះ៕ដោយ៖ស តារា