អន្តរជាតិ៖ តើវាជារឿងចម្លែកមែនទេ ហើយក៏ជាមនុស្សលើកដំបូងបំផុតដែលបុរសម្នាក់ ជាអ្នកលេងកាយវប្បកម្មមកពីប្រទេសកាហ្សាក់ស្ថាន បានរៀបចំពិធីមង្គលការដ៏ផ្អែមល្ហែមជាមួយមិត្តស្រីរបស់គាត់ដែលជាតុក្កតាជ័រ បន្ទាប់ពីពួកគេទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមក ។
ជាក់ស្តែង បុរសខាងលើនេះ គឺជាអ្នកលេងកាយវប្បកម្មវ័យក្មេងឈ្មោះយូរី ថុឡូកូ (Yuri Tolochko) មកពីប្រទេសកាហ្សាក់ស្ថាន បានរៀបការជាមួយតុក្កតាជ័រកៅស៊ូឈ្មោះម៉ាកូ ។
បើតាមការអះអាងពី លោក យូរី បានបញ្ជាក់ថា លោកបានជួបនាងជាលើកដំបូងនៅឯក្លឹបរាត្រីមួយ បន្ទាប់មកពួកគេបានបង្កើតទំនាក់ទំនងនិងរស់នៅជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំកន្លះ មុនឈានដល់ថ្ងៃរៀបការ ។
លោកបន្តថា ដើមឡើយលោកគ្រោងនឹងរៀបចំពីធីមង្គលការមួយនៅខែមីនា ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃជំងឺកូវីដ–១៩ ពិធីត្រូវបានពន្យារពេល ហើយពិធីមង្គលការត្រូវបានពន្យារពេលជាលើកទី២ បន្ទាប់ពីលោក យូរី ត្រូវបានគេវាយប្រហារ ក្នុងអំឡុងពេលដែលលោកបានទៅចូលរួមការប្រមូលផ្តុំ របស់មនុស្សប្តូរភេទនៅក្នុងខែតុលាកាលពីថ្មីៗនេះ ។
បើទោះបីជាពិធីមង្គលការត្រូវបានពន្យារពេលជាច្រើនដងក៏ដោយ ទីបំផុតលោកយូរី បានរៀបការជាមួយមិត្តស្រីរបស់គាត់ ដោយមានភ្ញៀវរាប់សិបនាក់បានចូលរួមពិធីមង្គលការនេះ។
សូមជម្រាបថា មិនតែប៉ុណ្ណោះគាត់បានចែករំលែកបរិយាកាសអាពាហ៍ពិពាហ៍ផ្អែមល្ហែមនៅលើ Instagram ផ្ទាល់ខ្លួន ជាមួយវីដេអូដែលលោកកំពុងពាក់ចិញ្ចៀននៅលើម្រាមដៃរបស់នាងម៉ាកូ មុនពេលលោកបានថើបគូស្នេហ៍ថ្នមៗ បន្ទាប់មកពួកគេបានរាំជាមួយគ្នាយ៉ាងសប្បាយរីករាយ។
គួរបញ្ជាក់ថា លោកយូរី បានកំណត់អត្តសញ្ញាណថា លោកគឺជាមនុស្សប្រភេទ Pan Sexual ដែលអាចស្រឡាញ់នរណាម្នាក់ដោយមិនគិតពីភេទ ទោះបីជាតួអង្គរូបភាព ឬសម្មតិកម្មផ្សេងៗ ក៏អាចស្រលាញ់បានទាំងអស់ ដូច្នេះលោកមិនមានអារម្មណ៍ចម្លែកទេដែលរៀបការជាមួយតុក្កតាជ័រ។ ជាមួយគ្នានោះលោកក៏កំពុងស្វែងរកកន្លែងថ្មី ដើម្បីរស់នៅបន្ទាប់ពីរៀបការទៀតផង ៕ដោយ៖សហការី