យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅព្រឹកថ្ងៃទី៨ ធ្នូនេះបានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe និងក្លិប Paris Saint-Germain បានរៀបចំការប្រជុំពីររួចហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលពួកគេបន្តចចារលើការពង្រីកកិច្ចសន្យាដ៏មានសក្តានុពលសម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះដែលកិច្ចព្រមព្រៀងបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ។
ខ្សែប្រយុទ្ធរបស់ PSG ចង់បានការធានាថា ក្រុមនៅលីគកំពូលបារាំង Ligue1 នឹងប្រកួតប្រជែងម្តងទៀត និងព្យាយាមឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌChampions League ដូចដែលពួកគេធ្វើបានកាលពីរដូវកាលមុន។ ការប្រជុំភាគីទាំង២នេះបានដើរឆ្ពោះទៅរកទិសដៅដែលក្លិប PSG ចង់បានពីអនាគតរបស់ Mbappe ។
លោក Leonardo នាយកផ្នែកកីឡាក្លិប PSG បានអះអាងថា”យើងកំពុងនិយាយពីការបន្តកិច្ចសន្យា ហើយខ្ញុំគិតថា Mbappe ក៏ចង់ធ្វើដែរ។ ឥឡូវនេះគឺជាពេលវេលាដែលត្រូវមានគំនិតកាន់តែច្បាស់អំពីអនាគតរបស់គាត់ហើយយើងបានបោះជំហានទៅមុខ” ។
ប្រសិនបើក្រុម PSG មានទុទិដ្ឋិនិយមអំពីអនាគតរបស់ Mbappe វាជាពេលមួយដែលពួកគេជឿជាក់ថា ទំនងជាកីឡាករបារាំងរូបនេះអាចស្នាក់នៅក្លិបបន្តទៀត។ ដំណឹងនេះធ្វើឲ្យក្លិប Real Madrid ដែលកំពុងរង់ចាំសញ្ញាដើម្បីទិញខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះអាចបាត់បង់ទំនុកចិត្តប្រសិនបើរូបគេបន្តនៅទឹកដីក្លិបនៅបារាំងទៀត។
ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនកំពុងផ្សព្វផ្សាយនៅពេលនេះក៏ដោយជាពិសេសជាមួយនឹងការកត់សម្គាល់របស់ខ្សែប្រយុទ្ធ Neymar ទាក់ទងនឹងការជួបជុំជាមួយ Lionel Messi នៅក្លិបចាស់របស់ខ្លួនវិញនោះ ក្លិប PSG បានដឹងច្បាស់ថា អាទិភាពរបស់ពួកគេគឺត្រូវឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកតំណាងរបស់គេឆាប់ៗនេះ ៕ដោយ៖ភារៈ