ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការចុះល្បាតដល់ចំណុចផ្សារជីភូមានការសង្ស័យឃើញរថយន្តមួយគ្រឿងបានទម្លាក់ទំនិញមួយកញ្ចប់មកឲ្យបុរសម្នាក់ជិះម៉ូតូម៉ាក AXELO គ្នានស្លាកលេខ ហើយប្រឹងជិះគេចរហូតដល់ស្រុកកំពង់រោទ៍ជនខាងលើភ័យពេកក៏ផ្ដួលម៉ូតូនិងទំនិញចោលរត់គេចខ្លួនបាត់ភ្លាមៗ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឱ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ៩កញ្ចប់ និងចាប់យកម៉ូតូចំនួន១គ្រឿងម៉ាកAXELO។
ប្រភពបន្តថា មុនកើតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការចុះល្បាតដល់ចំណុចផ្សារជីភូ ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ស្រាប់តែមានរថយន្តមួយគ្រឿងបានទម្លាក់ទំនិញមួយកញ្ចប់មកឲ្យបុរសម្នាក់ដែលជិះម៉ូតូមួយគ្រឿងម៉ាក AXELO គ្មានស្លាកលេខ។
ប្រភពបន្តថា ពេលបានទំនិញរួចហើយជនសង្ស័យក៏បានជិះម៉ូតូសំដៅទៅស្រុកកំពង់រោទ៍ ប៉ុន្តែកម្លាំងមូលដ្ឋានមានការសង្ស័យក៏ដេញតាមមកដល់ចំណុចភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងធ្វើឱ្យ ជនសង្ស័យភ័យក៏បានផ្តួលម៉ូតូ និងចោលទំនិញរត់គេចខ្លួនតែម្ដង។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថក្រុងបាវិតបានធ្វើការស្រាវជ្រាវដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ យឹម សុថាន