ភ្នំពេញ៖ ស្របពេលដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយមេរោគនេះគឺជាកត្តាចាំបាច់បំផុត។ ការរស់នៅក្នុងទម្លាប់ថ្មីនៃបរិបទកូវីដ១៩ ដោយពាក់ម៉ាស់ រក្សាគម្លាតសង្គម លាងដៃជាមួយសាប៊ូ ឬជេលឲ្យបានញឹកញាប់ និងចៀសវាងការប្រមូលផ្ដុំនឹងជួយឲ្យបងប្អូនប្រជាពលរដ្ឋចៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនេះ ក៏ដូចជាបានចូលរួមជាមួយរាជរដ្ឋាភិបាល និងមន្រ្ដីសុខាភិបាលដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីសុខាភិបាលរបស់បងប្អូនក្នុងគ្រាលំបាកនេះ ព្រោះថាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្រ្ដីសុខាភិបាលនឹងមិនអាចទទួលបានជោគជ័យនោះទេបើគ្មានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ។
យើងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ស.ស.យ.ក. រាជធានី-ខេត្ត នៅទូទាំងប្រទេស ដែលបានលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួនចូលរួមផ្សព្វផ្សាយ និងអប់រំដល់បងប្អូនប្រជាពលរដ្ឋពីវិធានអនាម័យសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ពីការប្រកាន់ជំហរស្មារតីយុវជនក្នុងបុព្វហេតុជាតិ៕
ដោយ, សិលា