ភ្នំពេញ៖ ស្រ្តីម្នាក់ក្រោយពីទទួលបានអំណោយមនុស្សធម៌រួចមកក៏ស្រាប់តែហូរទឹកភ្នែកដោយមិនដឹងខ្លួនព្រោះរំភេីបចិត្តពេក បើទោះបីមានជំងឺកូវីដ-១៩ក្តីក៏អាជ្ញាធរនៅតែបន្តគិតគូរដល់ពលរដ្ឋក្រីក្រដូចជារូបគាត់ជាដេីម គាត់គ្មានអ្វីអរគុណក្រៅពីលេីកម្រាមដៃដប់ជូនពរលោក ថេង សុថុល អភិបាលខណ្ឌនិងក្រុមការងារទាំងអស់សូមឱ្យជំងឺដ៏កាចសាហាវនេះចៀសឆ្ងាយពីក្រុមការងារទាំងអស់មិនចន្លោះអ្នកណាឡើយនៅក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញមកចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលារៀនវត្តទួលទំពូង ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកនូវដំណឹងដ៏រីករាយបំផុតមួយ
មកជម្រាបជូនប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការកុម្មង់ទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជាជំហានដំបូង ចំនួន១លានដូសសម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះពិតជាមហាសំណាងបំផុតរបស់កម្ពុជាយើងដែលមានមេដឹកនាំប្រទេសដ៏វាងវៃ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាប់ជាមួយប្រជាពលរដ្ឋ មិនថា ប្រទេសជាតិស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។
លោកអភិបាលខណ្ឌ បានលើកឡើងថា ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋនោះបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន១លានដូស។
លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានបន្តថា បើទោះជាមានការបញ្ជាទិញវ៉ាក់សាំងពីសំណាក់រាជរដ្ឋាភិបាលយ៉ាងនេះក្តី ក៏លោក ថេង សុថុល បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាជំងឺដ៏កាចសាហាវនេះបាននិងកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យយើងគ្រប់គ្នាត្រូវការពារខ្លួនជាប់ជានិច្ច តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសង្គមផងដែរ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រនេះគឺក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអុីវ ត្រីខ ស្ករស សាប៊ូ ម៉ាស់ អាល់កុល ទឹកដោះគោ មី និងថវិកាមួយចំនួនផងដែរ៕ ដោយ ជីណា