WHO ព្រមានថា៖ ការបង្ខំ​ឲ្យ​ប្រជាជន​ទទួលយក​វ៉ាក់សាំង ជា​ជំហាន​មួយ​ដែល​មិន​ត្រឹមត្រូវ

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​៧ ធ្នូ ឆ្នាំ២០២០ថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានអះអាងថា ការបញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាជន​ព្រម​ទទួល​វ៉ាក់សាំង​ដោយ​លើកឡើង​ពី​គុណប្រយោជន៍​របស់​វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ជាង​ការបង្ខំ​។ មិនតែប៉ុណ្ណោះ WHO បញ្ជាក់ថា វា​អាស្រ័យទៅលើ​ប្រទេស​នីមួយៗ​ក្នុងការ​រៀបចំ​ពី​វិធីសាស្ត្រ និង​របៀប​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​។​

​ការលើកឡើងបែបនេះរបស់អង្គការ​សុខភាព​ពិភពលោក​ ស្រប​ពេលដែល​ប្រទេស​មួយចំនួន​ចាប់ផ្តើម​ទិញ និង​ត្រៀម​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រជាជន​របស់ខ្លួន ការបង្ខំ​ឲ្យ​ប្រជាជន​ទទួលយក​វ៉ាក់សាំង ជា​ជំហាន​មួយ​ដែល​មិន​ត្រឹមត្រូវ​។ បន្ថែមពីនេះ អង្គការ​មួយនេះ​លើកឡើង​ពី​ឧទាហរណ៍​កន្លងមក​ដែល​បង្ហាញថា ការបង្ខំ​ឲ្យ​មនុស្ស​ទទួលយក​វ៉ាក់សាំង នាំ​ឲ្យ​មនុស្ស​កាន់តែ​ប្រឆាំងនឹង​វ៉ាក់សាំង​ខ្លាំង​ឡើង​។​

បើតាមលោក​ស្រី Katherine O’Brien នាយក​ផ្នែក​ភាពស៊ាំ​របស់ WHO ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អន​ឡាញ​នៅ​ថ្ងៃទី​៧ ធ្នូ​ បានលើកឡើងថា៖«​ខ្ញុំ មិន​គិតថា វិធានការ​បង្ខំ ជា​ទិសដៅ​ដែល​ត្រូវអនុវត្ត​ឡើយ ជាពិសេស​ជាមួយ​វ៉ាក់សាំង​»​។ លោកស្រី​ បន្តថា វា​ជាការ​ប្រសើរ​ក្នុងការ​លើកទឹកចិត្ត និង​សម្របសម្រួល​ក្នុងការ​ទទួលយក​វ៉ាក់សាំង​ជាជាង​ការបង្ខិតបង្ខំ​។​

​យ៉ាងណាមិញ លោកស្រី O’Brien លើកឡើងថា អ្នកធ្វើការ​នៅ​មន្ទីរពេទ្យ​ត្រូវបាន​លើកទឹកចិត្ត និង​អាច​នឹង​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ដើម្បី​សុវត្ថិភាព​បុគ្គលិក​ឯទៀត ក៏ដូចជា​អ្នកជំងឺ​ផងដែរ​។ អ្នកជំនាញ​របស់ WHO រូបនេះ ក៏​ទទួលស្គាល់​ផងដែរ​ថា ការបញ្ចុះ​បញ្ចូល​ឲ្យ​សាធារណៈជន​មួយចំនួន​ទទួលយក​វ៉ាក់សាំង​គឺជា​រឿង​លំបាក​។​

​ចំណែកប្រធាន​ផ្នែ​កិច្ចការ​អាសន្ន​របស់ WHO លោក​វេជ្ជបណ្ឌិត Michael Ryan បានលើកឡើងថា វា​ជាការ​ប្រសើរ​សម្រាប់ WHO ក្នុងការ​បង្ហាញ​ទិន្ន័យ ក៏ដូចជា​ផលប្រយោជន៍​របស់​វ៉ាក់សាំង ដើម្បី​ឲ្យ​បុគ្គល​នីមួយៗ​ធ្វើការ​សម្រេចចិត្ត​។ យ៉ាងណាក្តី លោក​អះអាងថា ក្នុង​ស្ថានការណ៍​មួយចំនួន ការចាក់​វ៉ាក់សាំង ជា​អំពើ​ដែលមាន​ការទទួលខុសត្រូវ​។​

​ដោយឡែកអគ្គនាយក​WHO លោក Tedros Adhanom Ghebreyesus ចំពោះ​អាទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​វិញ ក៏បាននិយាយថាបុគ្គលិក​សុខាភិបាល ជា​អាទិភាព​ខ្ពស់​ដំបូងបង្អស់ រួច​បន្ត​មក​មនុស្ស​ដែល​ប្រឈម​ទៅនឹង​ការឆ្លង ឬ​ស្លាប់​ដោយសារតែ​អាយុ​ណ​ពួកគេ​។លោក Tedros អះអាងថា ការធ្វើ​បែបនេះ​នឹង​ជួយ​សម្រាល​បន្ទុក​ប្រព័ន្ធ​សុខាភិបាល ចំណែក​ក្រុមមនុស្ស​បន្ទាប់​គួរតែ​ជា​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្រុមមនុស្ស​ប្រឈមមុខ​ឯទៀត​។​

​ជុំវិញនឹងបញ្ហានេះដែរ WHO អះអាងថា ខ្លួន​កំពុង​ពិនិត្យមើល​បេក្ខភាព​វ៉ាក់សាំង​ជាច្រើន ដែល​ក្នុងនេះ​៥១​កំពុងស្ថិត​ក្នុងដំណាក់កាល​ធ្វើតេស្ត​លើ​មនុស្ស ហើយ​១៣​ផ្សេងទៀត​ឈានដល់​ដំណាក់កាល​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​។ បន្ថែម​ពីនេះ វ៉ាក់សាំង​ចំនួន​១៦៣​ផ្សេងទៀត កំពុង​ត្រូវបាន​អភិវឌ្ឍ​នៅ​ដំណាក់​ដំបូងៗ​។​

គួរបញ្ជាក់ថា ​ចំពោះ​ថវិកា​សម្រាប់​ការព្យាបាល ធ្វើតេស្ត ព​ន្លឿ​ន​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ទិញ​វ៉ាក់សាំង​ក្រោម​យន្តការ​ACT-Accelerator វិញ WHO អះអាងថា​ខ្លួ ន​ត្រូវការ​ទឹកប្រាក់​៤,៣​ពាន់​លាន​ដុល្លារ​ជាបន្ទាន់ និង​២៣,៩​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២១៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print