ភ្នំពេញ៖ វាជារឿងហួសហេតុមែនទែន សម្រាប់ស្ត្រីចំណាស់ម្នាក់ បានដោះស្បែកជើងដេញវ៉ៃសន្តិសុខផ្សារ ស្រែកជេរបញ្ចោរផ្អើលផ្សារច្បារអំពៅ គ្រាន់តែសន្តិសុខយកម៉ាសឲ្យគាត់ពាក់មុនពេលដើរចូលផ្សារ ដើម្បីថែរក្សាសុខភាព និងការពាររីករាលឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។
ករណីខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ លោក សាន់ ប៊ុនណា បាននិយាយប្រាប់ថា ស្ត្រីរូបនេះ បានធ្វើដំណើរដោយថ្មើរជើងចូលមកផ្សារច្បារអំពៅ ដើម្បីទិញបន្លែ ប៉ុន្តែមិនបានពាក់ម៉ាស។ ភ្លាមនោះក្រុមសន្តិសុខ បានឃើញក៏យកម៉ាសជូនគាត់ពាក់ស្រាប់តែស្ត្រីចំណាស់រូបនេះ បានផ្ទុះកំហឹងរួចដោះស្បែកជើងដេញវាយមកសន្តិសុខ រួចជេរមកក្រុមសន្តិសុខថា « ពួកហ្អែងមើលងាយអ្នកក្រ»។
លោក សាន់ ប៊ុនណា បន្តថា ដោយស្រ្តីរូបនេះមានកាយវិការមិនសមរំ បានធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងដើរក្នុងផ្សារមានការខឹងសម្បាយ៉ាងខ្លាំង ហើយនាំគ្នាដេញស្ត្រីខាងលើចេញពីផ្សារ ព្រោះខ្លាចទ្រាំកំហឹងមិនបាន ។
លោកប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានបញ្ជាក់ថា បើអ្នកណាមិនពាក់ម៉ាសទេ គឺដាច់ខាតមិនឲ្យចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ដល់មនុស្សគ្រប់ៗគ្នា៕ដោយ៖សហការី