ក្រោយ​ចិន និង​នេ​ប៉ាល់​វិភាគ​ទិន្ន័យ​វាស់វែង​រួមគ្នា​ ឃើញថាភ្នំ​អេ​វើ​រ៉េ​ស ខ្ពស់​លើស​មុន

ចែករំលែក៖

អន្តរជាតិ៖ ​ជាថ្មីម្តងទៀត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ​ ចិន និង​នេ​ប៉ាល់​ បានវិភាគ​ទិន្ន័យ​វាស់វែង​រួមគ្នា​ កំណត់​កម្ពស់ភ្នំ​អេ​វើ​រ៉េ​ស​(Everest)​ដែលជា​ចំណុច​ខ្ពស់បំផុត​នៅលើ​ផែនដី ​។ កម្ពស់​ថ្មី​របស់​ភ្នំ​អេ​វើ​រ៉េ​ស​ដែល​យល់ព្រម​ដោយ​ប្រទេស​ទាំងពីរ​គឺ​៨,៨៤៨.៨៦​ម៉ែត្រ​។ប៉ុន្តែវាពុំមែន​ជា​រឿង​ធំដុំ​មែន តែ​ចិន និង​នេ​ប៉ាល់​ពិភាក្សាគ្នា​រាប់​ឆ្នាំ​ពី​កម្ពស់​របស់​ភ្នំ​មួយ​នេះ​។​

​ជាក់ស្តែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ាល់ ភាគី​ទាំងសងខាង​បានកំណត់​យក​កម្ពស់​៨,៨៤៨,៨៦​ម៉ែត្រ​សម្រាប់​ភ្នំ​អេ​វើ​រ៉េ​ស​។ កម្ពស់​នេះ ខ្ពស់ជាង​កម្ពស់​ដែល​នេ​ប៉ាល់​អះអាង​ពីមុន​៨៦​សង់ទីម៉ែត្រ និង​ទាប​ជាង​កម្ពស់​ដែល​ចិន​អះអាង​ចំនួន​៤​ម៉ែត្រ​។​កំពស់​ខុសគ្នា​រវាង​ចិន និង​នេ​ប៉ាល់ ក៏​ដោយសារតែ​វាស់​ភ្នំ​នេះ​ដោយ​គិត​ត្រឹមតែ​ថ្ម និង​មិន​វាស់​នៅពេល​មាន​ព្រិល​។​

​សូមជម្រាបថា កម្ពស់​ភ្នំ​អេ​វើ​រ៉េ​សត្រូវ​បាន​វាស់​ជា​លើក​ដំបូង​ដោយ​ក្រុម​ភូមិសាស្ត្រ​អង់គ្លេស​នៅ​ឆ្នាំ​១៨៦៥​។ គ្រានេះ​អង់គ្លេស​កំណត់ថា​ភ្នំ​នេះ​មាន​កម្ពស់​៨,៨៤០​ម៉ែត្រ ធៀប​ទៅនឹង​កម្រិត​ទឹកសមុទ្រ​។​នៅ​ឆ្នាំ​១៩៥៣ ឥណ្ឌា​វាស់កម្ពស់​ភ្នំ​នេះ​ម្តងទៀត​ដោយ​កំណត់​យក​៨,៨៤៨​ម៉ែត្រ​។កម្ពស់​៨,៨៤៨​ម៉ែត្រ​នេះ ត្រូវបាន​នេ​ប៉ាល់​យកមកប្រើ​ប្រាស់​ជា​ផ្លូវការ​។ ចំណែក​ចិន​វិញ​បានធ្វើ​ការវាស់វែង​ជាច្រើន​ដង និង​កំណត់​បាន​ថា​ភ្នំ​នេះ​មាន​កម្ពស់​៨,៨៤៤.៤៣​ម៉ែត្រ​នៅ​ឆ្នាំ​២០០៥​។​អាមេរិក ក៏​ធា្ល​ប់​បាន​វាស់​ម្តង​ដែរ​ដោយ​កំណត់​កម្ពស់​៨,៨៥០​ម៉ែត្រ​។​

​នេ​ប៉ាល់ និង​ចិន​ នៅ​ឆ្នាំ​២០១០បានទទួលស្គាល់ថា​ការ​វាស់​ឃើញ​ប្រវែង​ខុសគ្នា​នេះ គឺ​មកពី​នេ​ប៉ាល់​វាស់​ទាំង​កម្ពស់​ទឹកកក ចំណែក​ចិន​វាស់​ត្រឹមតែ​កម្ពស់​ថ្ម​។​នៅ​ឆ្នាំ​២០១៥ នេ​ប៉ាល់​ធ្វើការ​វាស់កម្ពស់​ភ្នំ​នេះ​ដោយ​ខ្លួនឯង​ផ្ទាល់ និង​ជា​លើកទីមួយ​ក្រោយ​មាន​គ្រោះ​រញ្ជួយ​ផែនដី និង​ការ​រំកិល​ផ្លាក​តិច​តូ​និក​នៅ​ផ្ទៃ​ខាងក្រោម​ភ្នំ​។​

​​បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ ចាប់តាំងពី​ពេលនោះ​មក​អ្នកជំនាញ និង​អ្នក​វាស់វែង​នេ​ប៉ាល់​ចំនួន​៣០០​នាក់​ចាប់ផ្តើម​ប្រមូល​ទិន្ន័យ​ដោយ​ខ្លះ​ដើរ​ឡើង​ភ្នំ និង​ខ្លះទៀត​ប្រើ​ឧ​ទ្ធ​ម្ភា​ចក្រ​។ នៅ​ចុងខែ​មិថុនា ឆ្នាំ​២០១៩​ក្រុមការងារ​នេ​ប៉ាល់​បាន​ឡើង​ទៅដល់​កំពូលភ្នំ​ដោយ​នាំយក​សម្ភារៈ​វាស់វែង​ជាច្រើន​ដែលមាន​ទំងន់​រហូតដល់​៤០​គីឡូក្រាម និង​ចំណាយពេល​២​ម៉ោង​ក្នុង​សីតុណ្ហភាព​ក្រោម​សូន្យ​ក្នុង​ការប្រមូល​ទិន្ន័យ​។​លោក​Khim Lal Gautam មន្ត្រី​នេ​ប៉ាល់​មួយរូប​ដែល​វាស់​ភ្នំ​អេ​វើ​រ៉េ​ស​និយាយថា​៖« ការឡើង​ភ្នំ​អេ​វើ​រ៉េ​ស​ជា​រឿង​លំបាក ប៉ុន្តែ​យើង​ត្រូវតែ​វាស់​ឲ្យ​បាន​»​។

​ទាក់ទិននឹងរឿងនេះដែរ បើតាម​ការគ្រោងទុក នេ​ប៉ាល់​ត្រូវ​បង្ហាញ​របាយការណ៍​វាស់វែង​តាំងតែ​ពី​ដើមឆ្នាំ​២០២០​មកម្ល៉េះ ប៉ុន្តែ​ចិន​បាន​ចូលរួម​ក្នុងការ​វាស់វែង​នេះដែរ បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ​ទៅ​ទស្សនកិច្ច​នៅ​នេ​ប៉ាល់​ក្នុង​ខែតុលា ឆ្នាំ​២០១៩​។​

​ដោយឡែកអ្នកជំនាញ​នៅ​ការិយាល័យ​វាស់វែង និង​ផែនទី​ចិន លោក​Dang Yamin បានប្រាប់​ទូរទស្សន៍​រដ្ឋ​ចិន​CCTV​ថា កម្ពស់​ចុងក្រោយ​គឺជា​កម្ពស់​មធ្យម​ដែល​បានមកពី​ការវាស់វែង​ដោយ​ភាគី​ទាំងសងខាង ដោយ​ផ្អែកទៅលើ​វិធាន​វិទ្យាសាស្ត្រ​។​ចិន​អះអាងថា​កំពស់​ដែល​យល់ព្រម​ទាំងសងខាង​នេះ គឺ​បានមកពី​ការចែករំលែក និង​វិភាគ​ទិន្ន័យ​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print