ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យសពទាំងព្រឹកបន្ទាប់ពីប្រទះឃើញយុវជនម្នាក់ស្លាប់ក្នុងទឹកបៀក្រោយផ្ទះដែលគេសង្ស័យថាប្រហែលជារអិលជើងធ្លាក់ទឹកលង់ស្លាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល។
បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា យុវជនខាងលើមានឈ្មោះ
ស៊ន សារ៉ន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអ្នកភូមិម្នាក់មានឈ្មោះនិក សាវឿន បានរាយការណ៍ថា មានករណីមនុស្សលង់ទឹកបៀស្លាប់ទើបកម្លាំងបច្ចេកទេសស្រុកបានសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពកំពង់ចកចុះដល់កន្លែងកើតហេតុត្រួតពិនិត្យសាកសពដោយឃើញនៅលើផ្ទៃមុខមានឈាមច្រមុះហូរចេញមកក្រៅ ប៉ុន្តែពុំមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ គឺសាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បើតាមអ្នកភូមិបានឲ្យដឹងថា យុវជនខាងលើនេះគឺមានជំងឺសរសៃប្រសាទប្រមាណជាង៣ឆ្នាំមកហើយខណៈក្រុមគ្រួសារបានយកទៅព្យាបាលនិងបានឱ្យផឹកថ្នាំសង្កូវជាប្រចាំដែរប៉ុន្តែអាការរបស់គេមិនបានធូរស្បើយនោះទេ លុះនៅថ្ងៃកើតហេតុយុវជនខាងលើបានដើរទៅលេងទឹកបៀខាងក្រោយផ្ទះប្រមាណ៥០ម៉ែត្រ សង្ស័យររអិលជើងធ្លាក់ក្នុងទឹកក៏លង់ស្លាប់តែម្ដង។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចនគរបាលក៏បានប្រគល់មកឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖ យឹម សុថាន