ក្រសួងវប្បធម៌ បន្តផ្អាកជាបណ្តោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:គ្រប់ប្រភេទនៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តផ្អាកជាបណ្តោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទនៅទូទាំងប្រទេស។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះ លោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី -ខេត្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ – ១៩ “ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា “ នៅតែបន្តរីក រាលដាលទៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបន្តផ្អាកជាបណ្តោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ ទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print