អន្តរជាតិ៖ តាមការចោទប្រកាន់ទាហានពិសេសរបស់អូស្រ្តាលី បានប្រព្រឹត្តអំពើឃាតកម្មលើមនុស្ស៣៩នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយទាហានពិសេសបច្ចុប្បន្នឬអតីតចំនួន ១៩ នាក់នឹងត្រូវប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និង ត្រូវដកហូតមេដាយរបស់ពួកគេ។ បន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតផ្នែកការពារជាតិបានបង្ហាញឱ្យឃើញពីវប្បធម៌នៃការលាក់បាំងនិងការបោកបញ្ឆោតរបស់ទាហានពិសេសនេះ។
ចំណែកកងអនុសេនាធំទី ២ នៃកងវរសេនាធំជើងអាកាសពិសេសនឹងត្រូវរំសាយចោល បន្ទាប់ពីការរកឃើញអំពីវប្បធម៌ “វីរបុរសចម្បាំង” ដែលជាបច្ច័យរួមចំណែកដល់ការប្រព្រឹត្តបទឧក្រិដ្ឋ រួមទាំងការសម្លាប់មនុស្សដោយខុសច្បាប់។
រីឯសំណងនឹងត្រូវបង់ជូនក្រុមគ្រួសារអាហ្វហ្គានីស្ថាន ដែលមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានសម្លាប់ដោយទាហានពិសេសអូស្ត្រាលី។ ភាគច្រើននៃករណីឃាតកម្មនេះគឺពាក់ព័ន្ធនឹងអ្នកទោសដែលត្រូវបានចាប់ខ្លួនឬរងរបួស។អ្នកខ្លះត្រូវបានវាយខ្នោះដៃ ហើយបន្ទាប់មកត្រូវបាញ់សម្លាប់ចោល។
ដោយឡែកការស្តីបន្ទោសភាគច្រើនត្រូវបានដាក់ទៅលើក្រុមមន្រ្តីយោធាដែលគ្មានបេសកកម្មរបស់យោធាពិសេសអូស្ត្រាលីដែលទាមទារឱ្យទាហានក្មេងៗ“ចេះមានបាតដៃប្រឡាក់ឈាមឱ្យហើយ“តាមរយៈការបាញ់សម្លាប់អ្នកទោសដែលគ្មានអាវុធហើយបន្ទាប់មកកប់អាវុធដើម្បីបិទបាំងឧក្រិដ្ឋកម្មទាំងនោះ ខណៈធ្វើរបាយការណ៍ក្លែងក្លាយអំពីអ្វីដែលបានកើតឡើង។
បើតាមសារព័ត៌មាន The Age និង The Sydney Morning Herald បានចុះផ្សាយមុននេះ ដោយយោងលើរាយការណ៍កាលពីខែវិច្ឆិកាកន្លងទៅថា ចំណុចសំខាន់នៃការស៊ើបអង្កេត គឺស៊ើបទៅលើវីរបុរសសង្រ្គាមនិងអ្នកទទួលមេដាយ Victoria Cross លោក បិន រ៉ូបឺតស្មីត(Ben Roberts-Smith) ។
លោករ៉ូបឺតស្មីត ដែលបច្ចុប្បន្នជានាយកប្រតិបត្តិទូរទស្សន៍ប៉ុស្តិ៍លេខ៧ ក្នុងទីក្រុងប្រ៊ីសបេន បានបដិសេធរាល់ការប្រព្រឹត្តខុសណាមួយហើយចៅហ្វាយជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយរបស់លោក គឺលោក ឃើរី ស្តូក (Kerry Stokes) ជាប្រធានក្រុមហ៊ុន Seven West Media និងក្រុមហ៊ុន Australian War Memorialបានប្តេជ្ញាតាមរយៈអ្នកនាំពាក្យម្នាក់កាលពីថ្ងៃព្រហស្បតិ៍ទី ១៩វិច្ឆិកាឆ្នាំ ២០២០ ដើម្បីជួយសមាជិកនៃកងទ័ពពិសេសអូស្ត្រាលីទាំងអស់ ដែលគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
លោករ៉ូបឺតស្មីត បច្ចុប្បន្នកំពុងប្តឹងសារព័ត៌មានNine សារព័ត៌មានTheAge និងកាសែតTheHerald ពីបទចុះផ្សាយអត្ថបទទាក់ទងនឹងសកម្មភាពរបស់គាត់នៅអាហ្វហ្គានីស្ថានហើយលោកស្តូកបានឱ្យគាត់ខ្ចីប្រាក់ចំនួន១,៩លានដុល្លារដើម្បីទូទាត់ថ្លៃផ្លូវច្បាប់ដើម្បីប្តឹងស្ថាប័នព័ត៌មានទាំងបី។
ចំពោះឃាតកម្ម ដែលបានចោទប្រកាន់ខាងលើ គឺកើតឡើងតាំងពីឆ្នាំ ២០០៦ ប៉ុន្តែភាគច្រើនបានកើតឡើងនៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ២០១៣ ហើយតាមការចោទប្រកាន់គឺប្រព្រឹត្តដោយទាហានពិសេសអូស្ត្រាលីមកពីមូលដ្ឋានទ័ពក្នុងទីក្រុងភឺត។
គួរបញ្ជាក់ដែរថា ការស៊ើបអង្កេតរយៈពេល ៤ឆ្នាំរបស់ប្រធានតុលាការកំពូលរបស់រដ្ឋញូវសៅវែល លោក ផូល ប្រេរីតុន បានរកឃើញថាមាន “ព័ត៌មានគួរឱ្យទុកចិត្តបាន“អំពីឧបទ្ទវហេតុចំនួន២៣ក្នុងអំឡុងពេលដែលកងកម្លាំងពិសេសអូស្រ្តាលីបានចូលរួមក្នុងការធ្វើឃាតទៅលើបុគ្គលឬអ្នកប្រយុទ្ធម្នាក់ឬច្រើននាក់ដែលត្រូវបានចាប់ខ្លួនឬរងរបួស។ឧបទ្ទវហេតុចំនួន២ទៀតអាចត្រូវចាត់ថ្នាក់ជាឧក្រិដ្ឋកម្មសង្គ្រាមព្រោះតែ“ការប្រព្រឹត្តយ៉ាងសាហាវឃោរឃៅ“៕ដោយ៖ស តារា
ប្រភព ៖ The Ages.com.au