ភ្នំពេញ៖ សម្រាប់អ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ជាពេលវេលាសម្រាប់ក្រសួងសុខាភិបាល យកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៣ ។
សូមបញ្ជាក់ផងដែរ ក្នុងនោះក្រសួងសុខាភិបាលបានរៀបចំទីតាំងសម្រាប់យកសំណាកលើកទី៣នេះ នៅ ៧ទីតាំង រួមមាន៖
១-ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក
២-ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក
៣-រដ្ឋសភា ម៉ោង ៩៖០០ព្រឹក
៤-ក្រសួងមហាផ្ទៃ ម៉ោង ៨៖០០ព្រឹក
៥-ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦-ទីតាំងអង្គភាពអ្នកបើកយន្តហោះបន្ទាយទួលក្រសាំង សម្រាប់ក្រុមអ្នកបើកយន្តហោះ និងក្រុមអង្គរក្សសម្តេចតេជោ
៧-ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់លើកឡើងថា “ការគ្រប់គ្រងស្ថានការណ៍ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាន ឬ មិនបាន គឺអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ “។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក៏បានផ្តល់បទសម្ភាសន៍ជាទូរទស្សន៏ជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញថា ការគ្រប់គ្រងស្ថានការណ៍ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាន ឬ មិនបាន គឺអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងប៉ះពាល់ផ្ទាល់ និងប្រយោល មានឆន្ទ: និងបង្ហាញអត្តសញ្ញាណ ចូលខ្លួនមកធ្វើតេស្តយកសំណាក ដើម្បីជួយជម្រុញប្រតិបត្តិការ រុករក ទប់ស្កាត់ បានលឿនបំផុត ការចម្លងបន្តៗគ្នា។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ស្អែកនេះ នឹងមានការធ្វើតេស្តយកសំណាកជាលើកទី៣ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយការរងចាំលទ្ធផលយកសំណាក ចេញលទ្ធផលបែបណា ក្រសួងសុខាភិបាល នឹងជូនព័ត៌មានជាបន្តបន្ទាប់ ហើយការវាយតម្លៃ និងសន្និដ្ឋាន គឺក្រសួងសុខាភិបាល នឹងសម្រេចជាផ្លូវការ តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សុខ ខេមរា