តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃទី១១ ធ្នូថា តុលាការឧទ្ធរណ៍របស់អុីតាលីនៅទីក្រុងមីលែនបានកាត់ទោសអតីតខ្សែប្រយុទ្ធឆ្នើម Robinho ដែលធ្លាប់លេងឲ្យក្លិប Real Madrid ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទចូលរួមក្នុងការរំលោភបូករបស់នារីវ័យក្មេងនៅក្លិបរាត្រីមួយនៅភាគខាងជើងប្រទេសអុីតាលីកាលពីឆ្នាំ២០១៣ ។
Robinho និងមិត្តភក្តិរបស់គាត់ឈ្មោះ Ricardo Falco ត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីអាល់បានីម្នាក់ដែលកំពុងប្រារព្ធខួបកំណើតអាយុ២៣ឆ្នាំរបស់នាងនៅឯកន្លែងល្បីឈ្មោះមួយជិតកីឡដ្ឋានក្រុម AC Milan ។
មេធាវីរបស់ក្មេងស្រីឈ្មោះ Jacopo Gnocchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអុីតាលីថា ការកាត់ទោសនេះគឺជាឧទាហរណ៍មួយសម្រាប់ការការពារស្ត្រី និងបង្ហាញថាប្រព័ន្ធតុលាការការពារដំណើរការរឿងក្តីនេះយ៉ាងត្រឹមត្រូវ ។
ក្លិប Santos ដែលបានប្រកាសពីការវិលត្រឡប់របស់ខ្សែប្រយុទ្ធប្រេស៊ីលវ័យ៣៦ឆ្នាំរូបនេះកាលពីដើមខែតុលានោះបានបញ្ចប់កិច្ចសន្យារបស់គាត់ភ្លាមៗបន្ទាប់ពីមានសម្ពាធកើតឡើងពីការផ្តន្ទាទោសពីអំពើហិង្សាផ្លូវភេទដែលគាត់បានទទួលនៅក្នុងប្រទេសអុីតាលី។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបប្រេស៊ីលមួយនេះបានពន្យល់ថាពួកគេបានធ្វើដូច្នេះដើម្បីឱ្យ Robinho ផ្តោតតែលើការការពារក្តីរបស់គាត់នៅក្នុងដំណើរការដែលកើតឡើងនៅក្នុងប្រទេសអុីតាលី។
ជាមួយគ្នានោះ Robinho បានបដិសេធការចោទប្រកាន់កាលពីឆ្នាំ២០១៤ នៅពេលដែលព័ត៌មានថាគាត់កំពុងត្រូវបានស៊ើបអង្កេតពីបទរំលោភសេពសន្ថវៈ។
កាលពីអំឡុងឆ្នាំ២០០៩ ពេលលេងឲ្យក្លិប Manchester City លោក Robinho ត្រូវបានស៊ើបអង្កេតដោយប៉ូលិសពីបទរំលោភសេពសន្ថវៈនៅក្លិបរាត្រីមួយនៅទីក្រុង Leeds ។ បន្ទាប់ពីត្រូវបានសាកសួរគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងបានបដិសេធការចោទប្រកាន់ទាំងនោះផងដែរ ៕ដោយ៖ភារៈ