គិតត្រឹមថ្ងៃទី១១ខែធ្នូនេះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»មាន ចំនួនសរុប៨១នាក់ ដែលមកធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ គិតត្រឹមថ្ងៃទី១១ខែធ្នូនេះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»មាន ចំនួនសរុប៨១នាក់ មកធ្វើចត្តាឡីស័កនេះបើយោងតាមមន្ត្រីជំនាញ និងអាជ្ញាធរខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២០។

មន្ត្រីដដែលបានបន្តថា គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ អ្នកធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នៅក្នុងខេត្តស្វាយរៀង មានដូចខាងក្រោម៖

*ទី១៖ ចំនួនអ្នកពាក់ព័ន្ធនឹងមន្រ្តីពន្ធនាគារ២នាក់ មកលេងនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ សរុប១៣នាក់ ស្រី០៥នាក់ បានធ្វើចត្តាឡីស័ក នៅតាមផ្ទះ។ (លទ្ធផលពិនិត្យសំណាក់ របស់មន្ត្រីពន្ធនាគារទាំង២នាក់ អវិជ្ជមាន)។

*ទី២៖ មន្ត្រីរាជការមកពីប្រជុំនៅខេត្តសៀមរាប ថ្ងៃទី២៧ ខែវិច្ឆិកា សរុប២៥នាក់ ស្រី០៧នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។

*ទី៣៖ ចំនួនប្រជាពលរដ្ឋបានទៅលេងផ្សារអ៊ីអនសរុប០៥នាក់ស្រី០២នាក់ ធ្វើចត្តាឡីស័ក នៅតាមផ្ទះ។

*ទី៤៖ បុគ្គលិកធនាគារកាថេសាខាក្រុងបាវិត និងក្រុមគ្រួសារសរុប ២៧នាក់ ស្រី១៦នាក់ ធ្វើចត្តាឡីស័ក ២កន្លែង៖ បុគ្គិល៣នាក់ ភេទប្រុស បានជួបជាមួយអ្នកកើតកូវីដ-១៩ បានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្រុងបាវិត (យាន្តឋាន Mr SO) ហើយបានធ្វើតេស្តយកសំណាក់លើកទី១ លទ្ធផលអវិជ្ជមានទាំង ៣នាក់។ ក្រុមគ្រួសារអ្នកទាំង៣ មានចំនួន២៤នាក់ ស្រី១៦នាក់ បានធ្វើចត្តាឡីស័កនៅតាមផ្ទះ។

*ទី៥៖ មន្ត្រីរាជការស៊ីវិលខេត្ត ដែលបានទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា នៅសាលាជាតិរដ្ឋបាលទីស្តីការក្រសួងមហាផ្ទៃ មានចំនួន ៧នាក់ ស្រី ០០នាក់ បានធ្វើចត្តាឡីស័កនៅតាមផ្ទះ។

* ទី៦៖ ប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះអាសន្ននៅច្បារអំពៅ រាជធានីភ្នំពេញ (៤នាក់ ស្រី ១នាក់) បានវិលត្រឡប់មកនៅស្រុកស្វាយជ្រំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះមានកុមារា ២នាក់ អាយុ១៤ឆ្នាំ និងអាយុ១៣ឆ្នាំ មានក្តៅខ្លួន ពិបាកដកដង្ហើម រួមដំណើរជាឪពុក ម្តាយ សរុប៤នាក់ បានយកទៅធ្វើចត្តាឡីស័ក និងយកសំណាក នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដើម្បីតាមដានសុខភាពបន្ត
ដោយសរុបទាំងអស់មានចំនួន៨១នាក់ ស្រី៣១នាក់ផងដែរ។

សូមបញ្ជាក់ថាដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នោះ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែងនៅក្នុងខេត្តផងដែរ៕

ដោយ៖ យឹម  សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print