អន្តរជាតិ៖ ដើម្បីចែកចាយវ៉ាក់សាំង COVID-19 ប្រហែលជា ៦០០លានដូស ជូនដល់ពលរដ្ឋងាយរងគ្រោះបំផុតក្នុងរយៈពេលពី ៦–៨ខែខាងមុខ ប្រទេសឥណ្ឌា នឹងដាក់ពង្រាយម៉ាស៊ីន នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០នេះ។
បើតាមប្រធានក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងវ៉ាក់សាំងលោក ផូល (VK Paul) បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌា បានរៀបចំកន្លែងស្តុកដ៏ត្រជាក់ ដែលមានសីតុណ្ហភាពចន្លោះពី ២–៨អង្សាសេ។ ចំពោះការរៀបចំនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃបេក្ខភាពវ៉ាក់សាំងដ៏លេចធ្លោទាំង ០៤សម្រាប់ប្រទេសឥណ្ឌា។
ជាក់ស្តែងលោក Paul បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ បេក្ខភាពវ៉ាក់សាំងទាំង ០៤ រួមមាន៖ សឺរឹម (Serum), ប៉ារ៉ាត់ (Bharat), ហ្ស៊ីដឹស (Zydus) និង ស្ពឹតនីក (Sputnik) ដែលសុទ្ធតែត្រូវការកន្លែងស្តុកទុកត្រជាក់ក្នុងកម្រិតធម្មតា។
ចំណែកវិទ្យាស្ថាន Serum ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ធំជាងគេនៅលើពិភពលោក បានចាប់ផ្តើមផលិត និងស្តុកទុកវ៉ាក់សាំង ខូវីសៀលដ៍ (Covishield) របស់ក្រុមហ៊ុនឱសថ អាស្ត្រាហ្សេណេកា (AstraZeneca) របស់ចក្រភពអង់គ្លេស ខណៈដែលក្រុមហ៊ុនឱសថក្នុងស្រុក Bharat Biotech និង Zydus Cadila បាននឹងកំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ពួកគេដោយផ្ទាល់តែម្តង។
សូមជម្រាបថា កាលពីខែមុនក្រុមហ៊ុនឱសថ ហេទែរ៉ូ (Hetero) ក៏បានចុះកិច្ចព្រមព្រៀងជាមួយ RDIF របស់ប្រទេសរុស្ស៊ី ដើម្បីផលិតវ៉ាក់សាំង Sputnik V ក្នុងបរិមាណប្រហែលជា ១០០លានដូសក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌា។ ខណៈបច្ចុប្បន្ននិយ័តករឱសថឥណ្ឌា ក៏កំពុងពិចារណាលើបេក្ខភាពវ៉ាក់សាំងចំនួន ០៣ សម្រាប់ការអនុញ្ញាតឲ្យមានការប្រើប្រាស់បន្ទាន់ផងដែរ ក្នុងនោះរួមមាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, AstraZeneca និង Bharat Biotech ។
ជាមួយគ្នានេះលោក Paul បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាមិនរំពឹងថា នឹងមានការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុន Pfizer ឬ Moderna រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ឡើយ។
ដោយឡែកជុំវិញនឹងបញ្ហានេះដែរ នៅក្នុងដំណាក់កាលដំបូងនៃកម្មវិធីវ៉ាក់សាំងនេះ រដ្ឋាភិបាលឥណ្ឌា បានរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងជូលពលរដ្ឋ ៣០០លាននាក់ ដែលស្មើនឹង ៦០០លានដូស ដោយសារមនុស្សម្នាក់ត្រូវចាក់ ០២ដង៕ដោយ៖ស តារា