ខេត្តសៀមរាប៖ បើនិយាយឲ្យមែនទែនទៅ សម្រាបប្រជាពលរដ្ឋខ្មែរយើងភាគីច្រើនមិនដឹងថា ចំបើងដែលគេបោះបង់ចោលតាមវាលស្រែមានតម្លៃនោះទេ ខណៈនៅពេលដល់ខែប្រជាកសិករច្រូតកាត់ម្តងៗចំបើងទាំងនោះ ត្រូវបានអ្នកខ្លះបោះចោលនៅលើវាលស្រែមើលទៅដូចជាគ្មានតម្លៃឡើយ។ ប៉ុន្តែចំបើងដែលគេបោះចោលនោះ អាចរកចំណូលបានក្នុងមួយឆ្នាំប្រមាណជា ៣ម៉ុនដុល្លារឯណ្ណោះ។
ជាក់ស្តែងប្រជាកសិករម្នាក់ គឺលោក សង ស៊ីន រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បាននិយាយរាប់រៀបថាក្រោយពេលច្រូតកាត់រួចចំបើងភាគច្រើនត្រូវបានគេបោះបង់ចោល ដោយមិនបានគិតឡើយអំពីតម្លៃនៃសារៈប្រយោជន៍របស់វាដោយសារតែការធ្វើកសិកម្មបច្ចុប្បន្ននេះមិនសូវពឹងផ្អែកលើកម្លាំងសត្វពាហនៈ ដូច្នេះហើយចំបើងដែលធ្លាប់តែត្រូវបានកសិករប្រមូលទុកធ្វើជាចំណីគោក្របីនោះក៏លែងមានតម្រូវការ ហើយក៏មិនបានគិតពីប្រយោជន៍វាផងដែរ។
ប្រជាកសិកររូបនេះ បន្តថា ក្រោយពីបានធ្វើការសិក្សាឃើញថា ចំបើងទាំងនោះ មានប្រយោជន៍ច្រើនលោកក៏បានព្យាយាមប្រមូលយកចំបើងទាំងនោះដោយប្រើបច្ចេកទេសគ្រឿងចក្រ ហើយការប្រមូលចំបើងរបស់លោកមួយចំនួនទុកឱ្យគោខ្លួនឯងស៊ី និងធ្វើផ្សិតចំបើង និងមួយចំនួនទៀតលក់ទៅឱ្យអ្នកចិញ្ចឹមផ្សេងទៀត ដោយលោកទទួលបានចំណូលពីចំបើងនេះប្រមាណជា ៣ម៉ឺនដុល្លារ ក្នុងនោះកាត់ចេញទៅលើការចំណាយផ្សេងៗប្រមាណជា ៦០% នៅសល់ប្រាក់ចំណេញប្រមាណជាង ១ម៉ឺនដុល្លារ។
បន្ថែមពីនេះលោក សង ស៊ីន បានបញ្ជាប់ថា បើយើងបានគិតគូឱ្យបានស៊ីជម្រៅឃើញថានៅតាមវាលស្រែរបស់ប្រជាកសិករមួយចំនួនធំពេលច្រូតកាត់នៅសល់លុយរាប់លានរៀលដែលនៅយើងមិនទាន់ចេះកែច្នៃ និងទាញយកលុយទាំងនៅមកបាន។ លោកបនតថា សម្រាប់លោកការងារប្រមូលចំបើងនេះលោកបានធ្វើរយៈពេល ២ ឆ្នាំហើយដោយចំបើងទាំងនេះ លោកប្រមូលចេញពីស្រែផលិតស្រូវពូជរបស់លោកប្រមាណជា ៣ហិកតា ក្នុងមួយហិកតាអាចប្រមូលចំបើងបានប្រហែលជា ៦០០ដុំ ដែលក្នុងមួយដុំមានទម្ងន់ ១០គីឡូក្រាម។
សូមជម្រាបថា ដុំចំបើងទាំងនេះ បើសិនជាមានការទិញលក់ក៏មានតម្លៃ ៣,០០០រៀល ដែរដូច្នេះលើវាលស្រែក្នុងមួយហិកតាបើមិនមានការកែច្នៃចំបើងទាំងនេះទេនោះ គឺវាស្មើនឹងការបោះចោលទឹកប្រាក់យ៉ាងហោចណាស់ក៏ជិត ២លានរៀល ដែរបើគិតទូទាំងប្រទេសអាចនិយាយបានថារាប់ពាន់លានរៀល។
ជាមួយគ្នានេះ លោក សង ស៊ីន បន្ថែមទៀតថា ចេញពីផលចំបើងនេះដែរឆ្នាំនេះលោកចិញ្ចឹមគោមេបានចំនួន ០៧ក្បាល ឆ្នាំក្រោយលោកបន្ថែមគោមេឱ្យបាន ២០ក្បាល និងគោសាច់ ៤០ក្បាល ទៀតហើយសំណល់ចេញពីការបណ្តុះផ្សិត និងទទួលបានជីកំប៉ុសលោកគ្រោងនឹងដាំបន្លែសុវត្ថិភាពបន្ថែមទៀត ដែលគម្រោងទាំងនេះនឹងត្រូវបានប្រើប្រាស់ទុនចេញពីការរកប្រាក់ចំណេញដែលបានមកពីការបណ្តុះផ្សិតចំបើង ការលក់ចំបើងនេះឯង៕ដោយ៖សហការី
ប្រភពពីក្រសួងព័ត៍មានកម្ពុជា