ជិះម៉ូតូកៀគ្នាជាមួយម៉ូតូកង់បីឥណ្ឌា(Pass App)អូសប្រហែល១០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូដួលបែកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែកត្តាមនុស្សនិងកត្តាយានយន្ត ការវ៉ាជែង ការមិនយោគយល់អាធ្យាស្រ័យអោយគ្នាទៅវិញទៅមក ការមិនគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញាស្លាកសញ្ញា បង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ជាហូរហែ បណ្ដោលអោយមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្តែងនៅវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២០ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងកង់បីឥណ្ឌា បើកវ៉ាជែងគ្នាបង្កអោយបុរសម្នាក់ជិះម៉ូតូដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ នៅចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា តាមបណ្ដោយមហាវិថីព្រះស៉ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ សូលី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខ គជប សព្វថ្ងៃរស់នៅ ភូមិCBC ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមាន បុរសម្នាក់ជិះម៉ូតូម៉ាក សង់ឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FO-9942 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះស៉ីសុវត្តិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ដោយមិនពាក់មួកសុវត្ថិភាពនោះទេ ខណៈមកដល់ចំណុចកើតហេតុក៏បានវ៉ាជែង ជាមួយ ម៉ូតូកង់បីឥណ្ឌា (Pass App)មិនចាំស្លាកលេខ ក៏បានកៀគ្នារហូតម៉ូតូដួលអូសចម្ងាយប្រហែល១០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូដួលបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម៉ូតូកង់បីឥណ្ឌាក៏បានបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោល ដែលបន្សល់ទុកតែសពជនរងគ្រោះ និងម៉ូតូរបស់គាត់នៅទីតាំងកើតហេតុ។

ក្រោយពេលកើតកម្លាំងនគរបាលជំនាញចុះមកដល់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការពិនិត្យនិងវាស់វែង សន្និដ្ឋានបានថា សាកសពត្រូវបានស្លាប់ដោយសារដួលបោកក្បាលស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សពត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print