ខេត្តស្វាយរៀង ៖ សង្ស័យប្រុសស្រី ៤នាក់ ត្រូវបានសមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង
បញ្ជូន ទៅតុលាការខេត្តចាត់ការបន្តតាមច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀន
ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានជាបន្តបន្ទាប់មាន
ទី១-ឈ្មោះ កាវ គ័រវ៉ៃ ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូណាហ្គាទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារអូឡាំព្យាC2 ផ្លូវលេខ ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង ឬ ទី) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅអគារអូឡាំព្យា ផ្លូវលេខ ២១៧ ភូមិ ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទី៣-ឈ្មោះ ចឹង ធីវី ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារ អូឡាំព្យា ផ្លូវលេខ ២១៧ ភូមិ ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
និងទី៤មានឈ្មោះតាម សុធាណា ហៅ ណាម ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា
នៅវេលាម៉ោង៨និង១៥ យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ កងរាជអាវុធហត្ថ ក្រុងបាវិត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប បានធ្វើការល្បាតតាមដងផ្លូវ រហូតដល់ម៉ោង ០១:៣០ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងល្បាតមកដល់ចំណុចផ្សារប្រសូត្រ ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ដោយកម្លាំងល្បាតមានការសង្ស័យបុរសម្នាក់ដែលជិះម៉ូតូ មានការ៉ុងពណ៌សជិះសំដៅទៅត្បូងតាមផ្លួវ ៣១៤ D ផ្លូវទៅស្រុកកំពង់រោទិ៍ ពេលនោះសមត្ថកិច្ចក៏តាមដេញពីក្រោយ ជនសង្ស័យដឹងខ្លួនក៏ផ្តួលម៉ូតូរត់គេចខ្លួនចោលម៉ូតូចំនួន ០១គ្រឿង និងការ៉ុងចំនួន ០១ ក្រោយពីសមត្ថកិច្ចឆែរឆេរក្នុងការ៉ុងរកឃើញមានម្សៅក្រាមពណ៌សថ្លាចំនួន ០៩ កញ្ចប់ធំមានទម្ងន់ ៩,០៨២ ក្រាម (គិតទាំងសំបកវេចខ្ចប់) (ជនសង្ស័យរត់គេចខ្លួន) ។
បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវតាមរយៈម៉ូតូបានដឹងថា ម្ចាស់ម៉ូតូឈ្មោះ សុខ យ៉ាវ ដែលជាភ្នាក់ងាររបស់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត បន្ទាប់មកសមត្ថកិច្ចក៏បានសាកសួរឈ្មោះ សុខ យ៉ាវ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចថាៈឈ្មោះ ង្វៀង យ៉ាងហាយ (ហៅវៀង) បានពឹងឲ្យខ្លួនទៅរំលោះម៉ូតូឲ្យ ហើយយកម៉ូតូឲ្យឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង) នៅចំណុចផ្សារប្រសូត្រ ក្រោយមកឈ្មោះ សុខ យ៉ាវ ជិះម៉ូតូមកដល់ចំណុចផ្សារប្រសូត្រ ក៏ឃើញឈ្មោះ វៀង ចុះពីលើរថយន្តឈ្មួល កាន់ការ៉ុងមួយយកមកលើកដាក់ម៉ូតូ រួចជិះទៅត្បូងបាត់ ចំណែកឈ្មោះ សុខ យ៉ាវ ក៏ឡើងជិះរថយន្តឈ្នួលទៅក្រុងបាវិត ហើយឈ្មោះ សុខ យ៉ាវ បានសហការជាមួយសមត្ថកិច្ចថា៖ ខ្លួនស្គាល់ឈ្មោះ វៀង ស្នាក់នៅបន្ទប់ជួលលេខ៣០២ អាគារអូឡាំព្យាC2 បន្ទាប់មកឈ្មោះ សុខ យ៉ាវ ក៏នាំសមត្ថកិច្ចទៅចាប់ខ្លួនឈ្មោះ វៀង នៅរាជធានីភ្នំពេញ ។
មន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ស្នើសុំលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដេីម្បីឲ្យមន្រ្តីនគរបាលយុត្តិធម៌ពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា។
ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ទោ អ៊ួង វិរៈរ័ត្នមុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន
អាវុធហត្ថលើផ្ទៃប្រទេសនិងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក ស៊ិន វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតដល់ម៉ោង ២:១៥នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថបានចុះឆែរឆេរបន្ទប់លេខ៣០២ ក្នុងអាគារអូឡាំព្យាC2 ស្ថិតនៅផ្លូវ២១៧ (មហាវិធីហ្សាដឺហ្គូ) ភូមិលេខ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ស្រី និនិងដកហូត
វត្ថុតាងដកហូតរួមមាន៖
ម្សៅក្រាមពណ៌សថ្លា ៣ កញ្ចប់(តូច) ពុំទាន់ថ្លឹង, ថ្នាំគ្រាប់ពណ៌ស្វាយខ្ចីចំនួន ០៤ គ្រាប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង, ប្រាក់ដុល្លារក្រដាស១០០ ចំនួន ៣០៣សន្លឹក, ក្រដាស២០ ចំនួន ០១សន្លឹក, ក្រដាស៥ ចំនួន០១សន្លឹក, ប្រាក់អឺរូក្រដាស១០ ចំនួន ០១សន្លឹក, ប្រាក់សាំងហ្កាពួរ២$ ចំនួន ០១សន្លឹក, ប្រាក់ចិន ១០យ័ន ០១សន្លឹក, ប្រាក់រុស្សីក្រដាស៥០( ០១សន្លឹក) និងក្រដាស១០ (០១សន្លឹក), ប៉ាស្ព័រចំនួន ០២, នាឡិកាដៃ ០៣ គ្រឿង, ទូរសព្ទ ០៨ គ្រឿង, លោហៈធាតុពណ៌ស(ខ្សែដៃ០១ខ្សែ ខ្សែក ០២ខ្សែ
ចិញ្ចៀន ០២វង់), អត្តសញ្ញាណប័ណ្ណ ០៤សន្លឹក, សោរម៉ូតូ០២, បារីម៉ាកDouble Happiness ២ប្រអប់, ម្សៅក្រាមពណ៌សថ្លា ២ ស្បោង សង្ស័យជាសារធាតុញៀន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ជនសង្ស័យឈ្មោះ ង្វៀង យ៉ានហាយ (ហៅវៀង ឬ ទី) ភេទប្រុស អាយុ ៣៦ ឆ្នាំ បានសារភាពថាៈ ឈ្មោះ ណាម ដែលរស់នៅក្នុងក្រុងបាវិតជាកូនចៅរបស់ឈ្មោះ កាវ គ័រវ៉ៃ និងមានទំនាក់ទំនង់ទិញថ្នាំញៀន និងមានថ្នាំញៀនចំនួន ០១កញ្ចប់ទៀត ដាក់នៅក្រោមឡាវ៉ាបូលាងដៃក្នុងបន្ទប់ទឹក ដែលខ្លួនឃើញឈ្មោះ សឺ បានយកទុកពេលព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មុនពេលសមត្ថកិច្ចចូលមកដល់ ពេលដាក់ថ្នាំញៀនហើយឈ្មោះ សឺ ក៏ចុះទៅក្រោមបាត់ ។
រហូតដល់ម៉ោង ៨យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថបានចុះទៅដល់ចំណុចខាងមុខកាស៊ីណូវីអាយភី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ជាបុរសម្នាក់ទៀតឈ្មោះ តាម សុធាណា ហៅ ណាម ។
ប្រភពបន្តថារហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនជនសង្ស័យឈ្មោះ ង្វៀង យ៉ានហាយ និងជនសង្ស័យឈ្មោះ កាវ គ័រវ៉ៃ ទៅចង្អុលបង្ហាញថ្នាំញៀនចំនួន ០១កញ្ចប់ ទៀតដែលឈ្មោះ សឺ លាក់ទុកក្រោមឡាវ៉ាបូលាងដៃនៅបន្ទប់ទឹកក្នុងបន្ទប់ជួលលេខ ៣០២ ក្នុងអាគារអូឡាំព្យាC2 ឆែកឆេររកឃើញ៖
ម្សៅសចំនួន ០២ ដុំ (ហេរ៉ូអ៊ីន ) មានទម្ងន់ ៧១៤.៤ ក្រាម (គិតទាំងសំបកវិចខ្ចប់) ថ្នាំសុទ្ធចំនួន ៧១១.២ ក្រាម និងសៀវភៅចំនួន ០២ ក្បាល៕
ដោយ៖ យឹម សុថាន