នៅក្នុងតំបន់អាស៊ាន មុនចូលទៅស្នាក់នៅទីកន្លែងមិនស្គាល់ ជាពិសេសនោះគឺផ្ទះសំណាក់ ឬសណ្ឋាគារ គេរមែងប្រតិបត្តិគោរពតាមជំនឿមួយចំនួន ដើម្បីជៀសវាងបញ្ហាផ្លូវងងឹតណាមួយកើតឡើង។ ជំនឿពាក់ព័ន្ធនឹងការចូលស្នាក់នៅផ្ទះសំណាក់ និងសណ្ឋាគារ មានការបែងចែកជា៨យ៉ាង ដែលគួរអនុវត្ត៖
១. ត្រូវតែគោះទ្វារបន្ទប់ មុនដើរចូល
ចំណុចនេះផ្ដោតសំខាន់ទៅលើការសម្ដែងការគួរសម និងសុជីវធម៌។ ការគោះទ្វារប្រៀបបានដូចជាការផ្ដល់ដំណឹងជាមុនទៅឲ្យអ្នកដែលនៅខាងក្នុងមិនថាជាវត្ថុសក្ដិសិទ្ធិ ឬព្រលឹងខ្មោចនោះទេ។ បន្ថែមនេះ ជួនកាលអ្នកខ្លះទៀតអាចនិយាយបន្ថែមថា៖ “ខ្ញុំមកដោយសន្តិភាព គ្មានបំណងអាក្រក់អ្វីនោះទេ…”។
២. បើកភ្លើងឲ្យភ្លឺជានិច្ច
ពន្លឺគឺជានិមិត្តសញ្ញានៃជីវិត។ ពេលចូលដល់បន្ទប់ អ្នកគួរបើកភ្លើងទាំងអស់ឲ្យភ្លឺ និងបើកវាំងននដើម្បីឲ្យពន្លឺចូល។ ការធ្វើដូច្នេះបង្ហាញថានៅទីនេះកំពុងមានវត្តមានរបស់អ្នកចូលមកស្នាក់នៅ។
៣. ចាក់ទឹកបង្គន់ចោលសិន មុនប្រើប្រាស់
ការអនុវត្តបែបនេះក៏ដូចជាការផ្ដល់ដំណឹងឲ្យគេដឹងផងដែរ។
៤. កុំទុកគ្រែឲ្យនៅសល់កន្លែងទំនេរចោល
ពេលគេងយប់ គ្រែមិនគួរទុកឲ្យសល់កន្លែងទំនេរឡើយ ដោយត្រូវយករបស់របរដូចជា វ៉ាលី ខោអាវ ឬអ្វីក៏បានមកដាក់ឲ្យគរគ្នា។ ការធ្វើដូច្នេះគឺដើម្បីបង្ការកុំឲ្យមានភ្ញៀវពិសេសដែលអ្នកមើលមិនឃើញមកគេងគ្រែជាមួយអ្នក។
៥. កុំគេងបែរមុខទៅរកកញ្ចក់
ជំនឿខ្លះយល់ឃើញថា កញ្ចក់គឺជាទ្វារទៅកាន់ពិភពមួយទៀត ហើយវាមានកម្លាំងស្រូបយកថាមពលជីវិត និងដួងព្រលឹងរបស់អ្នក។
៦. កុំទុកស្បែកជើងនៅជាប់គូគ្នា (ដាក់វាដាច់ដោយឡែកពីគ្នាឆ្ងាយ)
បើទុកស្បែកជើងនៅជាប់គូគ្នាក្នុងបន្ទប់ នោះប្រហែលជាអាចមានព្រលឹងផ្លូវងងឹតពាក់ដើរចុះដើរឡើង ហើយបើអាក្រក់ជាងនេះ អ្នកនឹងត្រូវព្រលឹងទាំងនោះចូលសណ្ឋិតក៏ថាបាន។
៧. ជៀសវាងរើសយកបន្ទប់គេងដែលនៅជិតផ្លូវសង្គ្រោះបន្ទាន់ពេលមានអាសន្ន
មូលហេតុដែលត្រូវធ្វើបែបនេះព្រោះនៅកន្លែងនោះមិនសូវមានមនុស្សដើរឆ្លងកាត់ទេ។ វាអាចជាកន្លែងល្អសម្រាប់ការជួបជុំរបស់ព្រលឹងនានានៅតំបន់នោះ។
៨. កុំប៉ះពាល់ ឬមិនត្រូវយកវត្ថុសក្ដិសិទ្ធិចេញពីបន្ទប់
ជួនកាលនៅក្នុងបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារមួយចំនួន មានការដាក់បង្កប់នូវរបស់សក្ដិសិទ្ធិ ដើម្បីបញ្ចៀសបញ្ហាផ្លូវងងឹត និងការពារអតិថិជន។ បើយករបស់នោះចេញ ឬធ្វើឲ្យខូចទ្រង់ទ្រាយ អ្នកប្រហែលជាអាចកើតមានបញ្ហាផ្លូវងងឹតណាមួយក៏ថាបាន៕
ដោយ៖ សហការី