ចំណេះដឹងទូទៅ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា នៅតាមតូប ឬរទះលក់ភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈពេលអាកាសធាតុក្តៅ នាថ្ងៃត្រង់ មនុស្សភាគីច្រើនតែងតែនាំគ្នាការជាវភេសជ្ជៈត្រជាក់មួយកែវ គឺជាជម្រើសដ៏ល្អមួយក្នុងការសម្រួលអារម្មណ៍។ ប៉ុន្តែការជាវភេសជ្ជៈទាំងនោះ ត្រូវត្រឹមឲ្យប្រើកែវប្លាស្ទិក គម្របប្លាស្ទិក ថងប្លាស្ទិក ជាមួយនឹងបំពង់បឺតប្លាស្ទិក ក្នុងតម្លៃមួយដ៏សមរម្យ។
បន្ទាប់ពីលោកអ្នកពិសាររួច បាន៣០នាទី ក៏បោះវាចូលទៅក្នុងធុងសំរាមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។ ប៉ុន្តែផលិតផលប្លាស្ទិក ទាំងនោះមិនទៅណាឆ្ងាយពីបរិស្ថានដែលអ្នក គ្រួសារអ្នក និងក្មេងៗជំនាន់ក្រោយរបស់អ្នកនឹងរស់នៅនោះទេ។ ហើយបើនិយាយតែអំពី «បំពង់បឺត» វាហាក់បីដូចជាសាមញ្ញ តម្លៃថោក និងគ្មានអ្វីធំដុំនោះទេ។
បើតាមទូរទស្សន៍អាមេរិកដ៏ល្បីល្បាញមួយមានឈ្មោះថា National Geographic បានចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា សហរដ្ឋអាមរិកប្រើប្រាស់បំពង់បឺតប្រមាណ៥០០លានដើមក្នុងមួយថ្ងៃៗ។ ចំណែកឯទិន្នន័យមួយទៀត ក៏បាននិយាយដែរថា ក្នុងដើមឆ្នាំ២០១៩នេះ យ៉ាងតិចមានបំពង់បឺតប្រមាណ ៨,៣ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។
ដោយឡែកគេហទំព័របរិស្ថាន strawlessocean.org ក៏បានលើកឡើងដែរថា ដោយសារតែលក្ខណៈស្រាល តូច និងទន់របស់វានេះ ទើបធ្វើឲ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។ ដោយសារតែការគ្រប់គ្រងកាកសំណល់ក្នុងទីក្រុងមួយចំនួន នៅមានកម្រិត និងអាកប្បកិរិយាអ្នករស់នៅមិនសូវស្រឡាញ់បរិស្ថានគួបផ្សំគ្នាផងនោះ បំពង់បឺតទាំងនោះអាចហូរចូលទីក្នុងប្រភពទឹកសាប ឬទឹកប្រៃតាមរយៈខ្យល់ ឬតាមរយៈបំពង់បង្ហូរលូនានាជាដើម។
បើតាមតួលេខប៉ាន់ស្មានមួយ បាននិយាយថា ក្នុងឆ្នាំ២០៥០ សត្វសមុទ្រជាង៩៩% ក្នុងពិភពលោក និងទទួលរងគ្រោះជាមួយបញ្ហាកាកសំណល់ប្លាស្ទិកនៅក្នុងប្រដាប់រំលាយអាហាររបស់ពួកវា។ បើអ្នកនៅតែបន្តបណ្តែតបណ្តោយឲ្យវាកើតឡើង ដោយមិនយកចិត្តទុកដាក់ជាមួយនឹងផលវិបត្តិក្នុងថ្ងៃអនាគត នោះប្រភពអាហារដែលមានមកពីសមុទ្រ ប្រភពទឹកសាបដែលយើងពិសារៀងរាល់ថ្ងៃ និងប្រភពអំបិលចម្អិនម្ហូប នឹងត្រូវបានបំពុលដោយពពួកមីក្រូប្លាស្ទិក។ មនុស្សក្មេងៗជំនាន់ក្រោយនឹងទទួលរងបញ្ហាទាំងអស់នេះ។ ហើយនៅពេលដែលផលិតផលប្លាស្ទិកទាំងនោះ ហូរចូលទៅក្នុងប្រភពទឹកហើយ វានឹងបំបែកទៅជាកម្ទេចប្លាស្ទិកតូចៗ មើលនឹងភ្នែកទទេមិនឃើញ ដែលគេហៅថា «មីក្រូប្លាស្ទិច»។
ប៉ុន្តែលោកអ្នកអាចកាត់បន្ថយវាបន្តិចៗម្តងបាន។ ក្នុងឆ្នាំ២០១៨ ទីក្រុង Seattle នៃសហរដ្ឋអាមេរិកបានកំណត់ឲ្យឈប់ប្រើប្រាស់ផលិតផលបំពង់បឺតប្លាស្ទិក ហើយក្នុងឆ្នាំ២០២០ ហាងកាហ្វេ Starbucks នឹងប្រើប្រាស់បំពង់បឺតដែលផលិតចេញពីសារធាតុសារីរាង្គ ដែលមានដូចជាក្រដាសវិញឲ្យបានកាន់តែច្រើនទៅៗ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Alaska ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតដែលនឹងបញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក។
គួរបញ្ជាក់ថា សម្រាប់លោកអ្នកវិញ ការមិនប្រើប្រាស់ទុយយោសម្រាប់ការពិសាកាហ្វេ ឬ ទឹកផ្លៃឈើ ការប្រើប្រាស់បំពង់បឺតផលិតចេញពីបំពងឫស្សី គឺជាសកម្មភាពមួយចំនួនដែលនឹងជួយសង្គ្រោះបរិស្ថានដែលអ្នក និងកូនរបស់អ្នក រួមទាំងសត្វ និងរុក្ខជាតិជាច្រើនដទៃទៀតកំពុងរស់នៅ៕ដោយ៖ស តារា