ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ ដោយគ្រាន់តែបូកពិន្ទុសម្រាប់ការប្រលងឆមាសទី ១ និងទី ២។
សូមជម្រាបជូនថា, ឱកាសថ្លែងសារទៅកាន់ជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។ ហើយបញ្ហាទាំងអស់នេះ ក៏មានសិស្សនៅលើពិភពលោករាប់លាននាក់ត្រូវបានខាត់បង់ពេលវេលាក្នុងការរៀនសូត្រផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំយោគយល់ពីសិស្សានុសិស្ស ដែលមិនទាន់មានលទ្ធភាពអនុញ្ញាតឲ្យប្រឡង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ។ យើងត្រូវទទួលយកនូវអ្វីដែលវាបានកើត សម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោក, គុណភាពអប់រំធ្លាក់ចុះបន្ដិចហើយ ហើយខ្ញុំពិតជាឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះជាប់ អ្នកនេះធ្លាក់ ខ្ញុំឃើញការលំបាក។ ប្រសិនបើការលំបាកអញ្ចឹង ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅឆាប់ចប់ ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅ ហើយកុំឲ្យក្មេងៗភ័យ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកត់ធ្ងន់ថា ការសម្រេចបែបនេះ សម្ដេចមិនខ្វល់ពីការប្រមាថមើលងាយរបស់មនុស្សមួយចំនួនតូចនោះទេ ព្រោះសម្ដេចគ្មានជម្រើសណាផ្សេងល្អជាងនេះឡើយ។ សម្ដេចអះអាងថា សម្ដេចមិនទុកឲ្យមនុស្សផ្សេងទៀតឆ្លងជំងឺកូវីដ-១៩ ចេញពីការរៀបចំប្រឡងបាក់ឌុបនោះទេ ហើយនេះបង្ហាញពីការទទួលខុសត្រូវរបស់សម្ដេច ក្នុងនាមជានាយករដ្ឋមន្ដ្រី។
សូមអបអរសាទរផងដែរ ចំពោះក្មួយៗ ដែលត្រូវប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលបរិច្ឆេទ ថ្ងៃទី១១ មករា ឆ្នាំ២០២១ ត្រូវបានជាប់ទាំងអស់គ្នា និងអាចបន្តសិក្សាថ្នាក់មហាវិទ្យាល័យ៕
ដោយ៖ សិលា