ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានចេញ ស្តីពី វិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram) ក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ។ ក្នុងនោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegar) បាននឹងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់។ ឧក្រិដ្ឋជន (Hacker) បានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃទៀត ដើម្បីបញ្ជូនមេរោគតាមសារក្នុងកម្មវិធីតេឡេក្រាម សម្រាប់បោកបញ្ឆោតអ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលគេបាន កំណត់មុខសញ្ញា។ ក្នុងករណី អ្នកប្រើប្រាស់ចុចបើកឯកសារ ឬកម្មវិធីដែលមានផ្ទុកមេរោគ ឧក្រិដ្ឋជនអាចចូលទៅ គ្រប់គ្រងកុំព្យូទ័រឬទូរសព្ទរបស់អ្នកប្រើប្រាស់ពីចម្ងាយដោយជោគជ័យ ហើយផ្តល់លទ្ធភាពឱ្យឧក្រិដ្ឋជនលួចយក ទិន្នន័យនានា ដូចជា ឯកសារ លេខកូដសម្ងាត់ (Password/ Passcode) សម្រាប់កម្មវិធីផ្សេងៗ ព្រមទាំងបញ្ហា ម៉ាស៊ីនថតរូប (Camera) និងឧបករណ៍ថតសំឡេងផងដែរ ហើយអាចបន្តលួចព័ត៌មាននៅក្នុងកុំព្យូទ័រ ឬទូរសព្ទ និង ប្រើប្រាស់អត្តសញ្ញាណជនរងគ្រោះទៅបោកបញ្ឆោតអ្នកដទៃទៀត។
ដូចនេះ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអន្ទាក់របោកប្រាស់របស់អ្នកវាយប្រហារ អ្នកប្រើប្រាស់តេឡេក្រាម គួរតែផ្ទៀងផ្ទាត់និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលបានផ្ញើសារមក ឱ្យបានច្បាស់លាស់ ។ ជាពិសេស ចំពោះសារណា ដែលផ្ញើមកជាលើកដំបូង ទោះបីជាមានរូបភាពនិងឈ្មោះរបស់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឬអ្នកស្គាល់ក៏ដោយ ម្ចាស់គណនីគួរធ្វើការពិនិត្យមើលព័ត៌មានរបស់អ្នកធ្វើដូចជា លេខទូរសព្ទនិងឈ្មោះ មុននឹងចុចបើកឯកសារនិង កម្មវិធីណាមួយ ឬឆ្លើយតបសារវិញ។ ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរតែទូរសព្ទទៅសាកសួរម្ចាស់គណនីដោយ ផ្ទាល់តែម្តង។ ក្រោយពេលបានដឹងថា ម្ចាស់គណនីមិនមែនជាម្ចាស់គណនីពិតប្រាកដ អ្នកប្រើប្រាស់អាចបិទ (Block) ការទទួលសារពីគណនីនោះ តាមរយៈការជ្រើសរើសយកពាក្យជាភាសាអង់គ្លេស ដែលមានអក្សរពណ៌ក្រហមថា “Block User 1
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែម ក្នុងគេហទំព័រ របស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.cancert.gov.kh ឬរាយការណ៍អំពីករណី នេះតាមរយៈអីម៉ែល [email protected] ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា