ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំ ”វឌ្ឍនភាពការងារអនុវត្តយុទ្ធនាការបញ្រ្ចាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ- ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា” ជាមួយគណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥តាមប្រព័ន្ធ video conference។
ក្រោយពីបានស្តាប់របាយការណ៍ពីបណ្តាថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី-ខេត្ត លោកប្រធានបានធ្វើការថ្លែងអំណរគុណជូនដល់សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់នៅទូទាំងប្រទេស ដែលកន្លងមក បានចូលរួមយ៉ាងសកម្មក្នុងបណ្តាយុទ្ធនាការនានារបស់ ស.ស.យ.ក. ដូចជាយុទ្ធនាការពលរដ្ឋល្អ ការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងពេលជំនន់ទឹកភ្លៀងកន្លងមក និងជាពិសេស ក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដោយបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ។
លោកក៏សូមឆ្លៀតឱកាសនេះ ក្នុងការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសូមលើកទឹកចិត្តដល់សមាជិក សមាជិកា ទាំងអស់ឱ្យបន្តចូលរួមយុទ្ធនាការនេះឱ្យបានផុលផុសថែមទៀត ព្រោះថាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយនោះទេ។ ម្យ៉ាងទៀត លោកក៏បានស្នើសុំឱ្យបន្តការសហការ និងផ្លាស់ប្តូរយោបល់រវាងគណៈកម្មាធិការរាជធានី-ខេត្តជាមួយថ្នាក់កណ្តាលដើម្បីសម្របសម្រួលការងារ ការអនុវត្តសកម្មភាពសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាបានអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ តាមរយៈការចុះផ្សព្វផ្សាយតាមមូលដ្ឋាន ការចងបដាអប់រំអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ -១៩ ចាប់តាំងពីអំឡុងខែមីនារហូតមកដល់បច្ចុប្បន្ននេះ៕
ដោយ៖ សិលា