អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះផ្សាយថា លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្រ្តីការបរទេសអាមេរិក កាលពីថ្ងៃចន្ទទី១៤ ខែធ្នូថ្មីៗនេះ បានអះអាងថា ការគំរាមកំហែងរបស់ចិន និងកូរ៉េខាងជើង មកលើអាមេរិក ខ្លាំងជាងរុស្ស៊ីទៅទៀត។ ខណៈដែលពួក Hackers (ក្រុមវាយប្រហារប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងព្យាយាមជ្រៀតចូលទៅក្នុង បណ្ដាញទិន្នន័យរបស់សហរដ្ឋអាមេរិក ដើម្បីលួចយកព័ត៌មានសម្ងាត់ ។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានលើកឡើងទៀតថា ប្រទេសកូរ៉េខាងជើង និងចិនបានបង្កការគំរាមកំហែងដល់អាមេរិក ខ្លាំងជាងប្រទេសរុស្សីទៅទៀត។
ជាក់ស្តែងនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុព័ត៌មានអាមេរិក ប្រេតបាត (Breitbart News) លោក Mike Pompeo បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«វាជាការប្រយុទ្ធប្រឆាំង ដែលកំពុងបន្តទៅមុខ ដើម្បីរក្សាបណ្ដាញទិន្នន័យរបស់យើង ឲ្យមានសុវត្ថិភាព»។
មន្ត្រីជាន់ខ្ពស់ការបរទេសរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការគំរាមកំហែងស្រដៀងគ្នា ពីសំណាក់រុស្ស៊ីនិងចិន។ ខ្ញុំមិនអាចនិយាយអ្វីផ្សេងក្រៅពីថា រុស្ស៊ីបានព្យាយាមខិតខំឥតឈប់ឈរ ក្នុងការជ្រៀតចូលទៅក្នុងបណ្ដាញទិន្នន័យរបស់សហរដ្ឋអាមេរិកនោះទេ… ហើយមិនត្រឹមតែការព្យាយាម ជ្រៀតចូលទៅក្នុងបណ្ដាញទិន្នន័យ របស់ភ្នាក់ងាររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាជីវកម្មផ្សេងៗ នៅសហរដ្ឋអាមេរិកទៀតផង… ប្រទេសកូរ៉េខាងជើងវិញ ក៏ដូចគ្នាដែរ។ ប៉ុន្តែខ្ញុំមានទំនុកចិត្តខ្លាំងណាស់ថារដ្ឋាភិបាលអាមេរិកនឹងរក្សា ព័ត៌មានសម្ងាត់របស់យើង ពីកណ្តាប់ដៃរបស់ជនអាក្រក់ទាំងនោះ»។
ជាមួយគ្នានេះ លោក ចន ឌីមើស៍ (John Demers) ជំនួយការនៃអគ្គរដ្ឋអាជ្ញារងអាមេរិក ក៏បានកត់សម្គាល់ឃើញដែរថា ការព្យាយាមជ្រៀតចូលទៅក្នុងបណ្ដាញទិន្នន័យ ដោយប្រទេសកូរ៉េខាងជើង មានលក្ខណៈប្លែកពីប្រទេសដទៃទៀត ដូចជា៖ ប្រទេសចិន ឬរុស្ស៊ី។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក បានចេញការព្រមានជាច្រើន ប្រឆាំងនឹងសកម្មភាពរបស់ក្រុម Hacker កូរ៉េខាងជើងដោយភាគច្រើនអាមេរិកបានចោទថា ពួកគេបានប៉ុនប៉ងលួចចូលបណ្ដាញទិន្នន័យរបស់ធនាគារ ដើម្បីលួចលុយចេញពី ATM នៅទូទាំងពិភពលោក។ ចំណែកប្រទេសកូរ៉េខាងជើង ត្រូវបានអាមេរិកចោទប្រកាន់ថា មានពួក Hacker ដែលបានទទួលការបណ្តុះបណ្តាលជាង៦,០០០នាក់ ដែលភាគច្រើនមានមូលដ្ឋាននៅប្រទេសផ្សេងៗទៀត រួមទាំងប្រទេសចិន និងរុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះគឺជារឿងធម្មតាទៅហើយ ខណៈចិន រុស្ស៊ី និងកូរ៉េខាងជើង តែងតែចេញមុខច្រានចោល នូវរាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក។ ចិនធ្លាប់បានអះអាងតបវិញថា ការចោទប្រកាន់នានាមកលើខ្លួន ពាក់ព័ន្ធការព្យាយាមលួចស៊ើបការណ៍សម្ងាត់នោះ គឺត្រឹមតែជាឆាកល្ខោន ដើម្បីកេងចំណេញនយោបាយ របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕ដោយ៖ស តារា