គណៈកម្មការគ្រប់គ្រងគ្រោះអាសន្ន ថៃ (ESAC) បានសម្រេចពន្យារពេលស្ថានភាពអាសន្នបន្ថែម៣ខែទៀតនៅតំបន់ភាគខាងត្បូងប្រទេសនេះ ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយមូលហេតុសន្តិសុខជាតិ។
លោកPatchasak Patirupanont មន្ត្រីសន្តិសុខថៃបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ ESAC បានសម្រេចបន្តអនុវត្តច្បាប់ស្ថានភាពអាសន្នបន្ថែម៣ខែទៀតនៅតាមបណ្តាខេត្ត Yala, Pattani និង Narathiwat។ ខេត្តភាគខាងត្បូងប្រទេសថៃតែងតែរងការគំរាមកំហែងសន្តិសុខ។ ពលរដ្ឋភាគច្រើនរស់នៅក្នុងខេត្តទាំងបីគឺជាជនជាតិអ៊ិស្លាម។
ការបន្តពន្យារពេលអនុវត្តច្បាប់អាសន្ន គឺនឹងជួយដល់ក្រុមសន្តិសុខថៃ អាចតាមដានរាល់សកម្មភាពរបស់ក្រុមភេរវករដែលលាក់ខ្លួននៅទីនោះដើម្បីបំផ្លាញសន្តិសុខជាតិ។
ក្រៅពីសន្តិសុខជាតិ ថៃក៏អាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ផងដែរ។ គិតមកដល់ធ្ងៃទី១៦ខែធ្នូថៃមានករណីឆ្លងកូវីដ-១៩ សរុប ៤២៦១នាក់ ស្លាប់៦០នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន១៥នាក់ថ្មី ភាគច្រើននាំចូលពីក្រៅ ៕ដោយ៖ធី រីណា
រូបភាព៖ daidoanket