ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍លើកឡើងថា ការសរសេរនេះគឺមានការយល់ច្រឡំហេីយណា។
លោកស្រីថ្លែងថា ខ្ញុំសុំឲ្យម្ចាស់អត្ថបទនៅក្នុង Business9 នេះ មេត្តាធ្វេីការកែតម្រូវជាបន្ទាន់។ ខ្ញុំសូមជម្រាបជូនថា កម្ពុជា បានបញ្ជារទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូស បន្ថែមលេីចំនួនវ៉ាក់សាំងដែលកម្ពុជា (ប្រសិនបេីគ្មានការប្រែប្រួលទេនោះ) នឹងអាចទទួលបាន ២០%នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន ០៣%នៃ ២០%នៃចំនួនប្រជាជនកម្ពុជាសរុប ជាដំណាក់កាលៗ)។ វ៉ាក់សាំងដែលកម្ពុជានឹងទទួលបាន តម្រូវឲ្យមានការវាយតម្លៃគុណភាពនិងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក ទេីបមជ្ឈមណ្ឌលកូវ៉ាក់ធ្វេីការបែងចែកមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៌ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។ កម្ពុជា នឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡេីយទេ ដោយ អាស្រ័យលេីមជ្ឈមណ្ឌលកូវ៉ាក់នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពេលណាដែរ ហេីយ អង្គការសុខភាពពិភពលោក បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរមុននឹងធ្វេីការបែងចែក)។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ដូច្នេះ ប្រសិនបេីក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសមួយ រួមទាំងប្រទេសចិនផងដែរនោះ អាចផលិតបានសម្រេចផលចុងក្រោយ ហេីយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់តាមការឯកភាពគ្នាជាមុននោះ ហេីយអង្គការសុខភាពពិភលោកក៏បានវាយតម្លៃប្រសិទ្ធិភាពនិងគុណភាពរួចរាល់ជាមុនដែរនោះៗសមភាពនៃការបែងចែកនឹងត្រូវបានធ្វេីទៅតាមសភាពជាក់ស្តែងនៃចំនួនវ៉ាក់សាំងដែលទទួលបានដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេសដែលជាសមាជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។
លោកស្រីបានលើកឡើងទៀតថា សូមកុំមានការពន្យល់ ឬបកស្រាយណាមួយដែលផ្ទុយទៅនឹងគោលការណ៌ដែលកម្ពុជា បានប្រកាន់យក ជាពិសេសសូមលោកអ្នក មេត្តាកុំលេីកយកប្រសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងការណ៌ជូនបងប្អូនជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ មកបកស្រាយខុសដូច្នេះអីណា។ បេីចង់ quote ប្រសាសន៌សម្តេចតេជោ សូមមេត្តាលេីកយកចំណុចណាមួយទាំងស្រុងតែម្តង ចៀសវាងការសរសេរខុស បកស្រាយខុស ឬការភ័ន្តច្រឡំណាមួយដែលអាចកេីតមាន ជាឧទាហរណ៍ អត្ថបទដែលបានចុះផ្សាយដោយ Business9 នេះស្រាប់។
លោកស្រីបន្តថា ខ្ញុំស្នេីសុំឲ្យមានការកែតម្រូវជាបន្ទាន់លេីបញ្ហានេះ ចៀសវាងការភ័ន្តច្រឡំ ឬការបង្កឲ្យមានបញ្ហាណាមួយលេីកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីជាមួយបណ្តាប្រទេសជាមិត្ត។
សូមអរគុណច្រេីន នូវរាល់ការចែករំលែកនូវព័ត៌មានពិត និងត្រឹមត្រូវ។
ពីខ្ញុំ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៕
ដោយ៖ សុខ ខេមរា