លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ អត្ថបទដែលបានចុះផ្សាយដោយ​ Business9 សរសេរខុស​ បកស្រាយខុស​ ឬការភ័ន្តច្រឡំ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍លើកឡើងថា ការសរសេរនេះគឺមានការយល់ច្រឡំហេីយណា។
លោកស្រីថ្លែងថា ខ្ញុំសុំឲ្យម្ចាស់អត្ថបទនៅក្នុង​ Business9 នេះ​ មេត្តាធ្វេីការកែតម្រូវជាបន្ទាន់។ ខ្ញុំសូមជម្រាបជូនថា​ កម្ពុជា​ បានបញ្ជារទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់​ (COVAX Facility) ចំនួនមួយលានដូស​ បន្ថែមលេីចំនួនវ៉ាក់សាំងដែលកម្ពុជា​ (ប្រសិនបេីគ្មានការប្រែប្រួលទេនោះ)​ នឹងអាចទទួលបាន​ ២០%នៃចំនួនប្រជាជនកម្ពុជាសរុប​ (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន​ ០៣%នៃ ២០%នៃចំនួនប្រជាជនកម្ពុជាសរុប​ ជាដំណាក់កាលៗ)​។ វ៉ាក់សាំងដែលកម្ពុជានឹងទទួលបាន​ តម្រូវឲ្យមានការវាយតម្លៃគុណភាពនិងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក​ ទេីបមជ្ឈមណ្ឌលកូវ៉ាក់ធ្វេីការបែងចែកមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៌ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។ កម្ពុជា​ នឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ​ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡេីយទេ​ ដោយ អាស្រ័យលេីមជ្ឈមណ្ឌលកូវ៉ាក់នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩​ នៅពេលណា​ដែរ ហេីយ​ អង្គការសុខភាពពិភពលោក​ បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព​ និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរមុននឹងធ្វេីការបែងចែក)។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ដូច្នេះ​ ប្រសិនបេីក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសមួយ​ រួមទាំងប្រទេសចិនផងដែរនោះ​ អាចផលិតបានសម្រេចផលចុងក្រោយ​ ហេីយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់តាមការឯកភាពគ្នាជាមុននោះ ហេីយអង្គការសុខភាពពិភលោកក៏បានវាយតម្លៃប្រសិទ្ធិភាពនិងគុណភាពរួចរាល់ជាមុនដែរនោះ​ៗសមភាពនៃការបែងចែកនឹងត្រូវបានធ្វេីទៅតាមសភាពជាក់ស្តែងនៃចំនួនវ៉ាក់សាំងដែលទទួលបានដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេសដែលជាសមាជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។

លោកស្រីបានលើកឡើងទៀតថា សូមកុំមានការពន្យល់ ឬបកស្រាយណាមួយដែលផ្ទុយទៅនឹងគោលការណ៌ដែលកម្ពុជា​ បានប្រកាន់យក​ ជាពិសេសសូមលោកអ្នក​ មេត្តាកុំលេីកយកប្រសាសន៌ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងការណ៌ជូនបងប្អូនជនរួមជាតិ​ នាព្រឹកថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ កន្លងមកនេះ​ មកបកស្រាយខុសដូច្នេះអីណា។ បេីចង់​ quote ប្រសាសន៌សម្តេចតេជោ​ សូមមេត្តាលេីកយកចំណុចណាមួយទាំងស្រុងតែម្តង​ ចៀសវាងការសរសេរខុស​ បកស្រាយខុស​ ឬការភ័ន្តច្រឡំណាមួយដែលអាចកេីតមាន​ ជាឧទាហរណ៍​ អត្ថបទដែលបានចុះផ្សាយដោយ​ Business9 នេះស្រាប់។

លោកស្រីបន្តថា ខ្ញុំស្នេីសុំឲ្យមានការកែតម្រូវជាបន្ទាន់លេីបញ្ហានេះ​ ចៀសវាងការភ័ន្តច្រឡំ​ ឬការបង្កឲ្យមានបញ្ហា​ណាមួយលេីកិច្ចសហប្រតិបត្តិការទ្វេភាគី​ ឬពហុភាគីជាមួយបណ្តាប្រទេសជាមិត្ត។

សូមអរគុណច្រេីន​ នូវរាល់ការចែករំលែកនូវព័ត៌មានពិត​ និងត្រឹមត្រូវ។

ពីខ្ញុំ​ វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print