ក្រុមហ៊ុនផលិតវ៉ាក់សាំងFosunសៀងហៃបានប្រកាសថា ក្រុមហ៊ុនឱសថ BioNTech បានឯកភាពផ្តល់វ៉ាក់សាំង១០០លានដូសដល់ចិនក្រោយពេលវ៉ាក់សាំងនេះត្រូវបានអនុម័ត។
បច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុនBioNTechសហការជាមួយក្រុមហ៊ុន Pfizer ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសមួយចំនួន ក្នុងនោះមានអង់គ្លេស អាមេរិកជាដើម។ កាលពីយប់ថ្ងៃទី១៤ខែធ្នូ ក្រុមគ្រូពេទ្យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកទទួលបានការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។
កាលពីថ្ងៃទី១៥ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់បានប្រកាសឲ្យដឹងថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់BioNTech/Pfizer ក្រោយពេលសហគមន៍អឺរ៉ុបអនុម័តឲ្យប្រើប្រាស់។ តាមគម្រោងការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅថ្ងៃបុណ្យគ្រិស្តស្មាស់។
នាយកដ្ឋានគ្រប់គ្រងឱសថអឺរ៉ុប(EMA) នឹងជួបប្រជុំគ្នាដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង នាថ្ងៃទី២១ខែធ្នូ គឺមុនការគ្រោងទុក ៨ថ្ងៃ។ កន្លងមកអឺរ៉ុបមានគម្រោងជួបប្រជុំអនុម័តនៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្នវ៉ាក់សាំងរបស់ក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ BioNTech/Pfizer ទទួលបានការអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ដូចជា អាមេរិក អង់គ្លេស ម៉ិចស៊ីកូ កាណាដា សិង្ហបុរី បារ៉ែន និងអារ៉ាប៊ី សាអ៊ូឌីត ជាដើម៕
រូបភាព៖ AFP/TTXVN