អន្តរជាតិ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ កែប្រែច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ។ មិនតែប៉ុណ្ណោះ OHCHR ក៏បានលើកឡើងថា៖ ច្បាប់នេះ ត្រូវបានយកមកប្រើដើម្បីចោទប្រកាន់សកម្មជន និងបាតុករយ៉ាងហោចណាស់៣៥នាក់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ខណៈដែលបាតុករថៃ កាលពីថ្ងៃ១០ធ្នូកន្លងទៅ បានជួបជុំមុខការិយាល័យUN នៅទីក្រុងបាងកក ដើម្បីឲ្យស្ថាប័នអន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលថៃឲ្យលុបច្បាប់នេះចោល។
ជាក់ស្តែងបើតាមការអះអាងពី ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថា៖ រដ្ឋាភិបាលថៃគួរឈប់ប្រើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ និងបទចោទព្រហ្មទណ្ឌធ្ងន់ធ្ងរ ទល់នឹងបាតុករទៀត ដោយការដាក់ទោសបែបនេះ គឺជាការបំពាន់លើសេរីភាព ក្នុងការបញ្ចេញមតិ។ ជាមួយគ្នានេះ OHCHR ក៏កត់សម្គាល់ថា ថៃក៏បានចោទប្រកាន់បាតុករ ដោយប្រើច្បាប់បះបោរ និងបទល្មើសកុំព្យូទ័រផងដែរ។
បើយោងតាមទីភ្នាក់ងារព័ត៌មានReuters បានដកស្រង់ការលើកឡើង របស់លោកស្រី Ravina Shamdasani អ្នកនាំពាក្យ OHCHR នៅទីក្រុងហ្សឺណែវ ថា៖«យើងអំពាវនាវឲ្យរដ្ឋាភិបាលថៃ បញ្ឈប់ការចោទបាតុករ ដោយបទចោទព្រហ្មទណ្ឌធ្ងន់ធ្ងរ ទៅលើបុគ្គលដែលអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយអហិង្សា»។ ដូចគ្នានេះដែរ លោកស្រី Michelle Bachelet ប្រធាន OHCHR ក៏ទទូចឲ្យរដ្ឋាភិបាលថៃ កែប្រែច្បាប់នេះ ដើម្បីឲ្យស្របតាមសេរីភាពនៃការបញ្ចេញមតិ។
ចំណែកលោកTanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ ដើម្បីឆ្លើយតបទៅនឹងការទាមទារនេះ ក៏បាននិយាយថា ច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ពុំមានគោលដៅក្នុងការរឹតបន្តឹងសេរីភាព ក្នុងការបញ្ចេញមតិឡើយ។ អ្នកនាំពាក្យដដែល អះអាងថា ច្បាប់នេះស្រដៀងទៅនឹងច្បាប់ស្តីពីបទបរិហាកេរ្តិ៍។
អ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះ លើកឡើងបន្ថែមថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បាតុករត្រូវបានចាប់ខ្លួន មិនមែនមកពីការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំតែមួយមុខប៉ុណ្ណោះទេ។ លោកបន្តថា បាតុករត្រូវបានចាប់ខ្លួន ដោយសារបំពានទៅលើច្បាប់ថៃដទៃទៀត ហើយមួយភាគធំ ត្រូវបានដោះលែងរួចទៅហើយ។
សូមជម្រាបថា រដ្ឋាភិបាលថៃបានផ្អាក មិនប្រើច្បាប់ដាក់ទោសដល់អ្នកប្រមាថព្រះមហាក្សត្រ តាំងតែពីឆ្នាំ២០១៨មក តបតាមព្រះរាជសំណើរបស់ព្រះមហាក្សត្រ មហា វជិរាលង្ករណ៍។ បុគ្គលរូបណា ដែលរកឃើញថាព្រះមហាក្សត្រ អាចត្រូវជាប់ពន្ធាគាររហូតដល់ទៅ១៥ឆ្នាំ។
គួររម្លឹកដែរថា បាតុកម្មនៅប្រទេសថៃ បានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ២០២០នេះ ដោយក្រុមបាតុករ ទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ ចុះចេញពីតំណែង និងបង្កើតរដ្ឋធម្មនុញ្ញថ្មី ដែលមានលក្ខណៈប្រជាធិបតេយ្យ ជាងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលត្រូវបានតាក់តែងក្រោយរដ្ឋប្រហារឆ្នាំ២០១៤។
ខណៈដែលក្រុមបាតុករភាគច្រើនជានិស្សិត និងយុវជន ក៏ទាមទារផងដែរ ឲ្យមានកំណែទម្រង់របបរាជានិយម។ រីឯក្រុមបាតុករ ទាមទារឲ្យមហាក្សត្រ បោះបង់ការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ដែលតាមការប៉ាន់ស្មាន មានតម្លៃពី៣០ពាន់លាន ទៅ៤០ពាន់លានដុល្លារ។
គួរបញ្ជាក់ថា លើសពីនេះទៅទៀត បាតុករក៏ទាមទារផងដែរ ឲ្យព្រះមហាក្សត្រ ឈប់កាន់កាប់អង្គភាពកងទ័ពខ្លះដែរ។ អង្គភាពទ័ពនោះ ត្រូវបានបាតុករអះអាងថា ធ្លាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សា ដើម្បីបំបែកការជួបជុំនយោបាយ ក៏ដូចជាចូលរួមក្នុងការធ្វើរដ្ឋប្រហារជាច្រើនដងផងដែរ៕ដោយ៖ស តារា