កំពង់ឆ្នាំង÷ក្រុមចោរស្រីប្រុស៣នាក់ត្រូវបានសមត្ថកិច្ចនគបាលនៅស្រុកសាមគ្គីមានជ័យ ស្ទាក់ចាប់បានបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង
កាលពីម៉ោង១០និង៣០នាទី ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០ នៅភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់បាននេះ ១.ឈ្មោះឈិន ឈីត ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ជាជនដៃដល់ចូលលួចផ្ទាល់ ។
២.ឈ្មោះ ឯម ឈឿនបូរ៉ា ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិជ្រៃបាក់ ស្រុករលាប្អៀរជាអ្នកឌុប ពេលលួចបានសំរេចរួចហើយ ។និង៣.ឈ្មោះ ម៉ៅ និរតី ភេទស្រីអាយុ២៣ឆ្នាំ ស្នាក់នៅក្រោយផ្ទះ៥ជាន់ស្ថិតក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ជាជនសមគំនិត ។
ចំណែកម្ចាស់ម៉ូតូជា ដារា ភេទប្រុសអាយុ៦០ឆ្នាំ មានទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុក្រុមជនសង្ស័យបានធ្វើសកម្មភាពចូលលួចម៉ូតូរបស់ប្រជាពលរដ្ឋ១គ្រឿង ម៉ាកហុងដា PCX ពាក់ស្លាកលេខកំពង់ឆ្នាំង,1F.8366 ខណ:ដែលម្ចាស់ទុកចោលនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រោយពីធ្វើសកម្មភាពលួចបានហើយជិះសំដៅមកភ្នំពេញ ។នៅពេលជិះមកដល់ឃំុសេដ្ឋីស្រុកសាមគ្គីមានជ័យក៍ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។
ជនសង្ស័ុយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ចន្ថា