ខេត្តកែប៖ សម្រាប់ព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ លោករដ្ឋមន្រ្តី អមដំណើរជាមួយដោយលោក សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងសហការីបានអញ្ជើញមកពិនិត្យ Ares Organic Farm Products នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោក ហេង ឆាយ ម្ចាស់ចម្ការ បានឲ្យដឹងថាបច្ចុប្បន្នចម្ការមានផ្ទៃដី ១៨ហ.ត ចាប់ផ្តើមអភិវឌ្ឍចម្ការនេះ បន្ទាប់ពីម្ចាស់មុននៅឆ្នាំ២០១៩។ ចម្ការបានដាំម្រេច ខ្នុរ ១០០០ដើម ត្របែក ១២ហ.ត និងស្វាយមួយចំនួនទៀត។
គិតពីតម្លៃសេដ្ឋកិច្ច កំពុងចាប់ផ្តើមប្រមូលផលជាបណ្តើរៗមានត្របែកទិន្នផល ១តោន/ហ.ត លក់តម្លៃ ១គ.ក្រ/៨០០០រ ប្រមូលផលបានរាល់ថ្ងៃ និងខ្នុរលក់តម្លៃ ៥០០០រ/គ.ក្រ បករួចតម្លៃ ១២ ០០០រ/គ.ក្រ ទីផ្សារធំបំផុតគឺរាជធានីភ្នំពេញ។ កសិដ្ឋានកំពុងធ្វើការអភិវឌ្ឍបណ្តើរៗ ដោយ ធ្វើការពង្រីកដំណាំត្របែក និងដំណាំក្រូចវល្លិ៍ ដើម្បីធានាបរិមាណផលិតផលសរីរាង្គទាំងបរិមាណ និងគុណភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់ លោក ហេង ឆាយ ក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង និងបង្កើតការងារទាំងក្នុងចម្ការ និងកន្លែងវេចខ្ចប់ជូនបងប្អូននៅជនបទ៕
ដោយ៖ សិលា