រដ្ឋបាល​ខេត្ត​រៀបចំឲ្យប្រជាពលរដ្ឋរស់នៅអា​ស្រ័យផល​នៅតាមចំណីស្ទឹងសៀមរាបដែលត្រូវរុះរើ ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ ចាប់ឆ្នោតយកទីតាំងដីឡូតិ៍

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីម្សិលមិញថ្ងៃ​សៅរ៍​ ៥កេីត​ ខែបុស្ស​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅក្នុងបរិវេណសាលាខេត្តសៀមរាបមានការរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅអា​ស្រ័យផល​នៅតាមចំណីស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ រុះរើ និងចាប់ឆ្នោតយកទីតាំងដីឡូតិ៍​ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត សង្កាត់ស្លក្រាម សង្កាត់នគរធំ ភូមិឃុំ​ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាលទ្ធផល ៖
១- បានរៀបចំប្រជាពលរដ្ឋដែលមកចូលរួមចាប់ឆ្នោត ដោយភ្ជាប់ជាមួយសន្លឹកឆ្នោត ដែលសម្គាល់ឡូតិ៍​ទីតាំងដីថ្មីច្បាស់លាស់​ បានផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយបញ្ជីឈ្មោះ និងមានការផ្តិតមេដៃ​ ប្រជាពល​រដ្ឋឯកភាពទទួលយក ទីតាំងដីឡូតិ៍ថ្មីនៅលើបញ្ជីឈ្មោះ
២-បានណែនាំប្រជាពលរដ្ឋ ទៅពិនិត្យផែនទីទីតាំងដីឡូតិ៍ ដែលបានបិទបង្ហាញនៅក្នុងបរិវេណសាលាខេត្ត ចំនួន ០២ផ្ទាំង។
៣-ប្រជាពលរដ្ឋ បានចូលរួមចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍ចំនួន ៤០៥គ្រួសារ ស្មើនឹង ៩៤,១៨% នៃចំនួនសរុប ៤៣០គ្រួសារ​។ ដោយឡែក​ប្រជាពលរដ្ឋ ពុំបានមកចូលរួមចាប់ឆ្នោត ចំនួន ២៥គ្រួសារ ស្មើនឹង ៥,៨២ %​ ។

ស្ថានភាពទូទៅក្នុងដំណើរការនៃការចាប់ឆ្នោត បាន​ប្រព្រឹត្តទៅដោយរលូនមានសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ។

ក្រុមការងារចំពោះកិច្ចដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនឹងចុះទៅទីតាំងដីថ្មីនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធការបោះបង្គោលព្រំ ការដាក់លេខឡូតិ៍.ការរៀបចំប្រព័ន្ធភ្លើង អណ្តូង និងបង្គន់អនាម័យក្រុមការងារចំពោះកិច្ចនឹងសម្របសម្រួលជូនប្រជាពលរដ្ឋទៅពិនិត្យទីតាំងដីថ្មី និង
សម្របសម្រួលជួយ ចំពោះការរៀបចំទីលំនៅដ្ឋានថ្មី ដោយ​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះក្រុមការងារនឹងចុះជួបប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីណែនាំឲ្យពួកគាត់បំពេញឯកសារ ទទួលយកការដោះស្រាយទៅទីតាំងថ្មីនេះ​។

សូមបញ្ជាក់ផងដែរ​ ពិធីនេះក៏បានធ្វេីតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល​ក្នុងការបង្ការ​ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩​ ដែលតម្រូវអោយអ្នកចូលរួមពាក់ម៉ាស់ការពារ​ លាងដៃជាមួយអាល់កុល​ វាស់កម្តៅ​ និងរក្សាគម្លាតសុវត្ថិភាព៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print