ខេត្តសៀមរាប៖ កាលពីម្សិលមិញថ្ងៃសៅរ៍ ៥កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាខេត្តសៀមរាបមានការរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅតាមចំណីស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ រុះរើ និងចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សង្កាត់ស្លក្រាម សង្កាត់នគរធំ ភូមិឃុំពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាលទ្ធផល ៖
១- បានរៀបចំប្រជាពលរដ្ឋដែលមកចូលរួមចាប់ឆ្នោត ដោយភ្ជាប់ជាមួយសន្លឹកឆ្នោត ដែលសម្គាល់ឡូតិ៍ទីតាំងដីថ្មីច្បាស់លាស់ បានផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយបញ្ជីឈ្មោះ និងមានការផ្តិតមេដៃ ប្រជាពលរដ្ឋឯកភាពទទួលយក ទីតាំងដីឡូតិ៍ថ្មីនៅលើបញ្ជីឈ្មោះ
២-បានណែនាំប្រជាពលរដ្ឋ ទៅពិនិត្យផែនទីទីតាំងដីឡូតិ៍ ដែលបានបិទបង្ហាញនៅក្នុងបរិវេណសាលាខេត្ត ចំនួន ០២ផ្ទាំង។
៣-ប្រជាពលរដ្ឋ បានចូលរួមចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍ចំនួន ៤០៥គ្រួសារ ស្មើនឹង ៩៤,១៨% នៃចំនួនសរុប ៤៣០គ្រួសារ។ ដោយឡែកប្រជាពលរដ្ឋ ពុំបានមកចូលរួមចាប់ឆ្នោត ចំនួន ២៥គ្រួសារ ស្មើនឹង ៥,៨២ % ។
ស្ថានភាពទូទៅក្នុងដំណើរការនៃការចាប់ឆ្នោត បានប្រព្រឹត្តទៅដោយរលូនមានសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ។
ក្រុមការងារចំពោះកិច្ចដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនឹងចុះទៅទីតាំងដីថ្មីនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធការបោះបង្គោលព្រំ ការដាក់លេខឡូតិ៍.ការរៀបចំប្រព័ន្ធភ្លើង អណ្តូង និងបង្គន់អនាម័យក្រុមការងារចំពោះកិច្ចនឹងសម្របសម្រួលជូនប្រជាពលរដ្ឋទៅពិនិត្យទីតាំងដីថ្មី និង
សម្របសម្រួលជួយ ចំពោះការរៀបចំទីលំនៅដ្ឋានថ្មី ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះក្រុមការងារនឹងចុះជួបប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីណែនាំឲ្យពួកគាត់បំពេញឯកសារ ទទួលយកការដោះស្រាយទៅទីតាំងថ្មីនេះ។
សូមបញ្ជាក់ផងដែរ ពិធីនេះក៏បានធ្វេីតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវអោយអ្នកចូលរួមពាក់ម៉ាស់ការពារ លាងដៃជាមួយអាល់កុល វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព៕