ខេត្តស្វាយរៀង៖ លោកលី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលេីកទិសដៅ២០២១របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នៅសាលប្រជុំសាលាស្រុករំដួល។
ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់លោករស់ ផារិទ្ធ អភិបាលរងខេត្ត លោកប្រធានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង១០ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុករំដួល គណៈអភិបាលស្រុក កងកម្លំាងប្រដាប់អាវុធស្រុក តំណាងការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ជាច្រើនរូបផងដែរ។
លោកលី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានមានប្រសាសន៍ថា ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបានរបស់ក្រុមការងារទទួលបន្ទុកតាមឃុំទាំង១០ ព្រមទាំងបានជំរុញក្រុមការងារទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់សំណូមពរនិងកង្វល់របស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលស្រុករំដួល ជាពិសេសបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានបង្កេីនការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់និងចុះមូលដ្ឋានផ្ទាល់និងជាប្រចាំ ដេីម្បីចូលរួមដោះស្រាយកង្វល់ សំណើ និងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅផ្តល់នូវសុខដុមរមនា និងសុភមង្គលដល់សង្គមជាតិ និងប្រជាពលរដ្ឋទាំងមូល។
ជាមួយគ្នានេះ លោកបានជំរុញញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធបន្តឆ្លើយតប បំភ្លឺ និងដោះស្រាយរាល់កង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានសមស្រប ដោយបានស្នើឲ្យមន្ទីរអង្គភាពយកសំណើសុំទាំងនោះដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានរៀបចំវេទិកាសាធារណៈចំនួន ៦១លេីក និងមានអ្នកចូលរួមប្រមាណជាង ១៦០០នាក់ផងដែរ៕
ដោយ៖ យឹម សុថាន